សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា សង្រ្គាមនៅឧបទ្វីបកូរ៉េ នឹងមិនផ្ទុះឡើងទេ ហើយអំពាវនាវដល់ពលករខ្មែរ នៅកូរ៉េខាងត្បូង កុំមានការព្រួយបារម្ភ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា សង្រ្គាមនៅឧបទ្វីបកូរ៉េ នឹងមិនផ្ទុះឡើងទេ ហើយអំពាវនាវដល់ពលករខ្មែរ នៅកូរ៉េខាងត្បូង កុំមានការព្រួយបារម្ភ

28/09/2017
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា សង្រ្គាមនៅឧបទ្វីបកូរ៉េ នឹងមិនផ្ទុះឡើងនោះទេ ហើយសូមពលករខ្មែរទាំងអស់នៅប្រទេសកូរ៉េខាងត្បូង កុំមានការព្រួយបារម្ភ។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា ជិត៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះ ជំរាបដល់ពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង និងមាតាបិតាអាណាព្យាបាល របស់ពលករខ្មែរដែលកំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង សូមមេត្តាកុំព្រួយបារម្ភ ខ្ញុំជឿថា សង្រ្គាមនេះវាមិនកើតឡើងទេ ការគំរាមនេះវាស្ទើតែរាប់រយដងទៅហើយ មិនមែនត្រឹមរាប់សិបដងនោះទេ ប៉ុន្តែសង្រ្គាមនេះ វានឹងមិនកើតឡើងទេ ព្រោះសង្រ្គាមនេះវាមិននាំឱ្យមាននរណាម្នាក់ឈ្នះទេ វាចាញ់ទាំងអស់គ្នាតែម្តង»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា សហរដ្ឋអាមេរិក បានត្រឹមតែគំរាមកូរ៉េខាងជើងប៉ុណ្ណោះ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ដែលនៅជិតនឹងកូរ៉េខាងជើង ចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធី ជាជាងបង្កើតសង្រ្គាមមួយដែលនឹងមិនមាននរណាឈ្នះ។ សម្តេចថ្លែងបន្តថា ប្រទេសកូរ៉េ និងជប៉ុនដឹងយ៉ាងច្បាស់ថា បើមានសង្រ្គាមមែននោះ គឺកូរ៉េ និងជប៉ុន តែប៉ុណ្ណោះជាអ្នករងគ្រោះធ្ងន់ធ្ងរ ចំណែកអាមេរិកមិនរងគ្រោះទេ។

សូមបញ្ជាក់ថា​ កម្តៅនយោបាយនៅឧបទ្វីបកូរ៉េ ចាប់ផ្តើមតានតឹងជាបន្តបន្ទាប់ ក្រោយពេលប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់រំលងប្រទេសជប៉ុន ខណៈដែលអាមេរិក ក៏នៅតែបន្តព្រមានកូរ៉េខាងជើង ដោយថាការបាញ់ ឬធ្វើតេស្តមីស៊ីលនេះ គឺជាការគំរាមកំហែងដល់សន្តិសុខពិភពលោក៕