កីឡាករ មាស ម៉ើ ឲ្យដឹងថា មុនការប្រកួតកើតឡើងមានសិស្សច្បង និងសិស្សប្អូនរបស់អ្នកប្រដាល់ថៃ Saksurin បានសើចហើយនិយាយថាកីឡាករកម្ពុជាម្នាក់នេះ(មាស ម៉ើ)ប្រហែលមិនអាចទប់ដល់ចប់ទឹកទី១នោះទេមើលទៅ ព្រោះឃើញពីរូបរាង និងកាយវិការមើលទៅមិនសូវទំនងទេ។
ម្ចាស់ខ្សែក្រវាត់ KWC របស់ទូរទស្សន៍ MYTV រូបនេះបន្ថែមទៀតថា មានកីឡាករថៃ រួមទាំងគ្រូបង្វឹកច្រើនណាស់ដែលគិតថាកីឡាករជើងខ្លាំងរបស់គេ(Saksurin)ឈ្នះការប្រកួត ព្រោះកីឡាករម្នាក់នេះជាជើងខ្លាំង Muay Thai ហើយការប្រកួតក្នុងទ្រុងកន្លងមកក៏ធ្វើបានល្អទៀត ណាមួយគេហាត់នៅក្លឹបល្បីឈ្មោះបំផុតនៅប្រទេសថៃផងដែរ។
កីឡាករ មាស ម៉ើ ម្នាក់នៅខាងក្រោយ(ហ្វេសបុក ចាន់រាជ)
កីឡាករតំណាងឲ្យកម្ពុជាខាងលើបន្តថា ការប៉ះជាមួយ Saksurin ខ្លូនបានមើលវីដេអូដៃគូប្រកួតជិត១០០ដង មើលហើយមើលទៀត និងត្រៀមក្បាច់សម្រាប់ការប៉ះគ្នានេះយ៉ាងល្អផងដែរ ហើយសម្រាប់ការប្រកួតនេះអាចចាតទុកថាជាការប្រកួតដែល មាស ម៉ើ មានការប្រុងប្រយ័ត្នបំផុតជាងណាណាទៅទៀត។ អតីតកីឡាករជម្រើសជាតិយូដូរូបនេះបន្ថែមចុងក្រោយថា ជ័យជម្នះមួយនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយអាចជាសារប្រាប់ថាកីឡាវាយក្នុងទ្រុងរបស់កម្ពុជាក៏មិនអន់ដែរ និងពួកគេច្បាស់ជាចាំមុខរបស់ខ្លួនហើយចាប់ពីពេលនេះ។
កីឡាករ មាស ម៉ើ ពេលឈ្នះ Saksurin(ហ្វេសបុក ចាន់រាជ)
គូរបញ្ជាក់ថា កីឡាករ មាស ម៉ើ បានផ្ដួលជើងខ្លាំងរបស់ម្ចាស់ផ្ទះថៃ Saksurin ឲ្យចុះចាញ់ត្រឹមទឹកទី១ប៉ុណ្ណោះកាលពីថ្ងៃទី២៣ ខែកញ្ញា ២០១៧ កន្លងទៅនេះនៅឯប្រទេសថៃ ទីក្រុង Pataya៕