ខ្សែការពារថ្លៃបំផុតលើលោក Benjamin Mendy របស់ក្លឹបយក្សពណ៌ផ្ទៃមេឃ Manchester City បានបោះពាក្យសំដី ទៅក្រុមហ៊ុនហ្គេម EA Sports ដែលទើបតែចេញហ្គេមបាល់ទាត់ FIFA 18 ដោយចោទជាសំណួរថាតើក្រុមហ៊ុនមួយនេះមានទូរទស្សន៍សម្រាប់មើលទេ បន្ទាប់ពី EA Sports បានផ្ដល់កម្រិតដល់ខ្សែការពារស្លាបឆ្វេងមួយនេះត្រឹមតែ ៧៨។
កីឡាករសញ្ជាតិបារាំង Mendy បានបង្ហោះក្នុងគណនីផ្លូវការ Twitter របស់ខ្លួនក្នុងន័យចំអកទៅក្រុមហ៊ុនហ្គេមដ៏ធំមួយនេះថា ៖ "ហាហា តើអ្នកឯងអត់មានទូរទស្សន៍សម្រាប់មើលទេ កាលឆ្នាំមុន @EASPORTSFIFA? តែ ៧៨ទេ?” ការថ្លែងចំអករបស់ខ្សែការពារវ័យ ២៣នេះ ចង់មានន័យថាខ្លួនគួរតែត្រូវបានក្រុមហ៊ុនហ្គេមមួយនេះឲ្យកម្រិតខ្ពស់ជាងនេះ ក្នុងហ្គេមបាល់ទាត់ថ្មី FIFA 18 បន្ទាប់ពីខ្លួនបានបង្ហាញទម្រង់លេងយ៉ាងល្អ កាលពីរដូវកាលមុនរហូតដល់ជួយឲ្យក្លឹប Monaco លើកពានលីគកំពូលបារាំង និងជួយក្លឹបយក្សបារាំងមួយនេះលេងបានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខ័ណ្ឌការប្រកួតបាល់ទាត់កំពូលអឺរ៉ុប Champions League មុននឹងធ្វើការផ្ទេរមកក្លឹបយក្សអង់គ្លេស Manchester City កាលពីពេលកក្កដាកន្លងមកនេះ។
ខ្សែការពារស្លាបឆ្វេង Benjamin Mendy មានទម្រង់លេងល្អយ៉ាងខ្លាំងកាលពីរដូវកាលមុន រហូតត្រូវបានក្លឹប Manchester City ទិញពី ក្លឹប Monaco កាលពីខែកក្កដា ក្នុងតម្លៃរហូតដល់ទៅ ៥២លានផោន បំបែកកំណត់ត្រាក្លាយជាខ្សែការពារថ្លៃជាងគេក្នុងកំណត់ត្រាបាល់ទាត់៕
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)