បាល់ទាត់៖ ក្រុមជប៉ុនពីរជួបគ្នានៅវគ្គ ៨ក្រុមចុងក្រោយ AFC Champions League ជុំទីពីររវាង Urawa Reds ទទួលស្វាគមន៍ក្រុមរួមលីហ្គ Kawasaki Frontale។
ក្រុមភ្ញៀវ Kawasaki Frontale មកដល់ការប្រកួតនេះជាមួយគ្រាប់ចំណេញ ២គ្រាប់ បន្ទាប់ពីឈ្នះជើងទីមួយនៅទឹកដីរបស់ខ្លួន ៣-១។ កាន់តែមានសង្ឃឹមខ្លាំង Kawasaki បាននាំមុខមុនក្នុងការប្រកួតនេះតាំងពីនាទីទី១៩ ដោយ Elsinho។ តែវគ្គទីមួយដដែលម្ចាស់តាមស្មើវិញបាននៅនាទីទី៣៥ ដោយ Shinzo Koroki។ វគ្គទីមួយដដែលរឿងអាក្រក់ចាប់ផ្ដើមកើតឡើងលើក្រុមភ្ញៀវនៅពេលសល់គ្នាតែ ១០នាក់បន្ទាប់ពី Shintaro Nakamura ទទួលបានកាតក្រហម។
ឈានចូលវគ្គទីពីរ Kawasaki គ្នាក៏តិចជាងក្រុមភ្ញៀវ ខណៈម្ចាស់ផ្ទះសំរុកខ្លាំងរហូតរកគ្រាប់នាំមុខ ២-១ បាននៅនាទីទី៧០ ដោយ Zlatan Ljubijankic តែតពីបាល់ជ្រុង។ នៅសល់ ៦នាទីទៀតចប់ការប្រកួត Kawasaki ទប់មិនជាប់ឡើយ ពោលគឺ Urawa Reds រកគ្រាប់នាំមុខ ៣-១ ទាល់តែបានដោយ Rafael Silva។
រឿងមិនគួរអោយជឿនោះគឺមួយនាទីបន្ទាប់ពីរកគ្រាប់ទីបីបាននោះ គ្រាប់ទីបួនក៏កើតឡើង Toshiyuki Takagi ដែលជាគ្រាប់ជ័យជំនះ ៤-១ សរុបទាំងពីរជើង ៥-៤។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Urawa Reds Diamonds នឹងត្រូវជួបជាមួយក្រុមចិន Shanghai SIPG ដែលទើបទម្លាក់ក្រុមរួមលីហ្គចិន Guangzhou Evergrande៕
