ម៉ាឡេស៊ី៖ ក្រុមសង្គ្រោះឈរនៅខាងក្រៅសាលាបង្រៀនសាសនា បន្ទាប់ពីមានអគ្គិភ័យឆាបឆេះសាលាមួយនេះស្ថិតនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ យ៉ាងហោចណាស់មនុស្សចំនួន ២៥នាក់បានបាត់បង់ជីវិត ក្នុងនោះមានសិស្សមួយចំនួនបានបាត់បង់ជីវិត ក្រោយពេលអណ្ដាតភ្លើងឆាបឆេះឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសេចក្ដីថ្លែងការណ៍ពីក្រុមពន្លត់អគ្គិភ័យ និងផ្នែកសង្គ្រោះឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើងនៅវេលាម៉ោង ៥:៤០នាទីនៅពេលដែលសិស្សកំពុងសិក្សា និងទន្ទេញគម្ពីរ Quran។
លោក ឃីរូឌីន ត្រាមែន អ្នកទទួលខុសត្រូវផ្នែកពន្លត់អគ្គិភ័យនៅក្នុងទីក្រុងកូឡាឡាំពួរ និងផ្នែកសង្គ្រោះបានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ចំនួនអ្នកបាត់បង់ជីវិតមានសិស្ស ២៣នាក់ និងគ្រូ ២នាក់។ លោកបន្តថា នេះជាមហន្តរាយមួយយ៉ាងអាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេល ២០ឆ្នាំកន្លងមក ហើយពេលនេះយើងកំពុងតាមអង្កេតរកមូលហេតុបណ្ដាលឲ្យកើតមានអគ្គិភ័យនេះឡើង។
អ្នករងរបួស ៧នាក់ត្រូវគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ខណៈដែលមនុស្ស ១១នាក់ផ្សេងទៀតត្រូវគេសង្គ្រោះ។ ក្រុមពន្លត់អគ្គិភ័យបាននិយាយថា សាកសពបាននៅគរពីលើគ្នាជាការបង្ហាញថា ពួកគេបានជាន់លើគ្នាដើម្បីព្យាយាមគេចចេញពីកន្លែងភ្លើងឆេះនេះ៕