ប៉ូលិសប្រេស៊ីល រកឃើញលុយសុទ្ធជាង១៦លានដុល្លារ ក្នុងអគារស្នាក់នៅរបស់អតីតមន្រ្តី ក្នុងជួររដ្ឋាភិបាល​ប្រធានាធិបតី Temer​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ូលិសប្រេស៊ីល រកឃើញលុយសុទ្ធជាង១៦លានដុល្លារ ក្នុងអគារស្នាក់នៅរបស់អតីតមន្រ្តី ក្នុងជួររដ្ឋាភិបាល​ប្រធានាធិបតី Temer​

08/09/2017
(ប្រេស៊ីល)៖ ប៉ូលិសប្រេស៊ីលបានឲ្យដឹងថា ពួកគេបានធ្វើការរឹបអូសលុយសុទ្ធ ក្នុងចំនួនដ៏ច្រើនបំផុតពុំធ្លាប់មានពោលគឺ​រាប់លានដុល្លារ នៅក្នុងបន្ទប់អគារអាផាតមិន (Apartment) មួយកន្លែង ដែលត្រូវបានប្រើប្រាស់ដោយអតីតមន្រ្តីរដ្ឋាភិបាល​មួយរូបរបស់ប្រធានាធិបតី មីឈែល ធែមើ (Michel Temer)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមមន្រ្តីប៉ូលិស បានបញ្ជាក់ថា លុយដែលពួកគេរាប់មានចំនួនជាង ១៦លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានរកឃើញក្នុង​​អគារខាងលើ នៅទីក្រុងសាល់វ៉ាឌ័រ (Salvador) ជាប់ឆ្នេរសមុទ្រភាគកើត ប្រទេសប្រេស៊ីល។ លោក ហ្គីឌែល វីអ៊ីរ៉ា លីម៉ា (Geddel Vieira Lima) ជាអតីតមន្រ្តីក្នុងជួររដ្ឋាភិបាលលោក Temer ដែលបានធ្លាប់ស្នាក់នៅក្នុងបន្ទប់ស្តុកលុយទាំងអស់នេះ នោះ កំពុង​ស្ថិត​​ក្រោម​ការ​ជាប់​ឃុំ​ ​ក្នុង​គេហដ្ឋាន​ផ្ទាល់របស់លោក បន្ទាប់ពីត្រូវប៉ូលិសចាប់ខ្លួន កាលពីខែកក្កដាកន្លង​ទៅ​​ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតករណីពុករលួយ ទៅលើធនាគារមួយកន្លែង គ្រប់គ្រងដោយរដ្ឋាភិបាលប្រេស៊ីល។

គួរបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីល លោក Michel Temer កំពុងតែប្រយុទ្ធប្រឆាំងនឹងវិបត្តិពុករលួយដ៏ធ្ងន់ធ្ងរ ដែលបាន​បង្ក​ភាពរង្គោះរង្គើរយ៉ាងខ្លាំង ដល់រដ្ឋាភិបាលរបស់លោក ខណៈខ្លួនលោកផ្ទាល់ កាលពីប៉ុន្មានខែមុននេះ ក៏ត្រូវបានអគ្គរដ្ឋអាជ្ញា​ប្រេស៊ីល ចោទប្រកាន់ពីបទពុករលួយផងដែរ ក៏ប៉ុន្តែបានរួចខ្លួនវិញ បន្ទាប់ពីសភាសម្រេចមិនបោះឆ្នោត ឲ្យលោកប្រធានា​ធិបតីប្រឈមនឹងសំណុំរឿងពុករលួយនោះឡើយ៕