ខ្សែប្រយុទ្ធ Alvaro Morata និង Iago Aspas បានរកគ្រាប់បាល់បញ្ចូលទី ២ គ្រាប់ដូចគ្នា ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានលត់ក្រុមជម្រើសជាតិលិចតិនស្តាញ យ៉ាងចាស់ដៃម្តងទៀត ក្នុងលទ្ធផល ៨-០ កាលពីថ្ងៃអង្គារ ដើម្បីខិតកាន់តែកៀកក្នុងការកក់កៅអីរបស់ពួកគេ ទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី នាឆ្នាំក្រោយ។
ការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ របស់ក្រុមជម្រើសជាតិអ៊ីតាលី លើក្រុមជម្រើសជាតិអ៊ីស្រាអែល មានន័យថា អេស្ប៉ាញនៅតែនាំមុខ ៣ ពិន្ទុលើក្រុមអ៊ីតាលី នៅលើកំពូលតារាងនៃយុទ្ធនាការប្រកួតជម្រុះតំបន់អឺរ៉ុបក្នុងពូល G ខណៈដែលនៅសល់ការប្រកួតតែ ២ លើកទៀតប៉ុណ្ណោះ។
ប៉ុន្តែ បច្ចុប្បន្ន ក្រុមជម្រើសជាតិអេស្ប៉ាញ ក៏អាចពឹងផ្អែកទៅលើការមានប្រៀបទៅលើគ្រាប់បាល់រហូតដល់ដល់ទៅ ១៧ គ្រាប់ច្រើនជាងក្រុមអ៊ីតាលី ផងដែរ ដែលមានន័យថា ការដណ្តើមបានជ័យជម្នះលើក្រុមបាល់ទាត់ជម្រើសជាតិអាល់បានី នៅលើទឹកដីខ្លួនឯង នាខែក្រោយ នឹងធ្វើឲ្យពួកគេឈ្នះកៅអីទៅកាន់ World Cup។
លោក Julen Lopetegui គ្រូបង្វឹកនៃក្រុមជម្រើសជាតិអេស្ប៉ាញ បានប្រាប់ស្ថានីយទូរទស្សន៍ Movistar របស់អេស្ប៉ាញថា៖ «ភាពផ្សេងគ្នារវាងក្រុមទាំងពីរ ពិតជាស្ថិតក្នុងកម្រិតដ៏ធំធេង ប៉ុន្តែ អ្នកត្រូវតែបង្ហាញពីគម្លាតនោះនៅលើទីលាន។
ក្នុងករណីនេះ ក្រុមនេះត្រូវតែលេងឲ្យបានល្អចាប់តាំងពីនាទីដំបូង និងស្វែងរកវិធីសាស្រ្តក្នុងការបញ្ចប់ការប្រកួតនេះឲ្យបានឆាប់»។
ក្រុមម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០១០ មួយនេះ ក៏បានផ្តួលក្រុមលិចតិនស្តាញ ៨-០ ផងដែរ នៅលើទឹកដីរបស់ពួកគេកាលពី ១ ឆ្នាំមុន៕