
KMH ប្រកាសពីការត្រៀមបើករដូវកាលថ្មីរបស់ខ្លួន
បញ្ចូលដោយ៖ Laiheang Vobfm - 07/09/2017ពានរង្វាន់កីឡាបាល់ទាត់ពាក់កណ្តាលអាជីពធំជាងគេបង្អស់នៅកម្ពុជារបស់មូលនិធិបាល់ទាត់ខេ អឹម អេច (KMH Foundation) កាលពីព្រឹកថ្ងៃម្សិលមិញ បានធ្វើការប្រកាសពីការត្រៀមលក្ខណៈ ក៏ដូចជាអំពាវនាវឲ្យក្រុមនានាចូលរួមក្នុងយុទ្ធនាការនៃរដូវកាលថ្មីរបស់ខ្លួនក្នុងឆ្នាំ ២០១៧-២០១៨ ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រោយពីទទួលភាពជោគជ័យដ៏ធំធេងក្នុងរដូវកាលពីរលើកដំបូងរបស់ខ្លួន មូលនិធិបាល់ទាត់ខេអឹមអេច ដែលជាផ្នែកនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ISI Group នឹងបង្កើនប្រាក់រង្វាន់សរុបចំនួន ១៥០ លានរៀលសម្រាប់យុទ្ធនាការដណ្តើមពានទាំងពីររបស់ខ្លួនគឺ KMH Champions League និង KMH Cup នារដូវកាលថ្មីខាងមុខនេះ។
នៅឆ្នាំនេះ ក្រុមដែលក្លាយជាម្ចាស់ជយលាភីក្នុងពានទាំងពីរ នឹងត្រូវទទួលបានទឹកប្រាក់រង្វាន់ ៤៨ លានរៀលដូចគ្នា ពោលគឺកើនឡើងច្រើនចំនួន ៥ លានរៀលបើធៀបកាលពីរដូវកាលមុន ខណៈដែលក្រុមឈរលេខ ២ និងលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ ២៤ លានរៀល និង ១២ លានរៀលរៀងៗខ្លូន។
ក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃពុធម្សិលមិញ លោកកាំង សេនស្ថាបនិកមូលនិធិបាល់ទាត់ខេ អឹម អេច និងជានាយកគណៈកម្មការធិការបាល់ទាត់ ខេ អឹម អេច ពោរពេញដោយការជឿជាក់ថា រដូវកាលថ្មីនេះ នឹងមានភាពរំភើប និងមានការចូលរួមរបស់ក្រុមនានាកាន់តែច្រើនជាងមុន។
លោកបានប្រាប់ឲ្យដឹងថា៖ «សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ KMH Champions League និង KMH Cup រដូវកាលថ្មីនេះ នឹងមានលក្ខណៈកាន់តែល្អប្រសើរ និងខ្លាំងជាងមុន ហើយនិងផ្តោតលើការប្រកួតប្រជែង ប្រកបដោយក្រមសីលធម៌ និងលក្ខណៈបែបអាជីពផងដែរ»។
កាលពីរដូវកាលមុន ក្របខ័ណ្ឌ KMH Champions League បានទាក់ទាញឲ្យក្រុមចូលរួមសរុបដល់ទៅ ២០ ហើយក្រុមទាំងនោះបានលេងតាមរូបមន្តក្របខ័ណ្ឌលីកអាជីពនៅលើទីលាន KMH Park តែមួយ ដើម្បីសន្សំពិន្ទុ និងឈ្នះពាននៅពេលបញ្ចប់រដូវកាល។
ប៉ុន្តែ នៅរដូវកាលថ្មីនេះ មូលនិធិបាល់ទាត់ខេ អឹម អេច បានសម្រេចធ្វើការកែប្រែលក្ខខណ្ឌខ្លះ ដោយយុទ្ធនាការពាន KMH Cup បើកចំហសម្រាប់តែក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំប៉ុណ្ណោះ ក្នុងគោលបំណងជួយផ្តល់ឱកាសដល់ក្រុមថ្នាក់ថ្នាល។
លោកកាំង សេន បានឲ្យដឹងថា៖ «មូលនិធិបាល់ទាត់ខេ អឹម អេច នឹងផ្តល់ឱកាសមួយដ៏កម្រសម្រាប់ប្អូនៗកុមារកីឡាករបាល់ទាត់អាយុក្រោម ១៨ ឆ្នាំ មកពីក្លិបទូទាំងប្រទេសកម្ពុជា អាចចូលរួមប្រកួត និងបញ្ចេញសមត្ថភាពនៅរដូវកាលថ្មីនេះ»។
ប៉ុន្តែ ខេ អឹម អេច មិនទាន់ប្រកាសពីកាលបរិច្ឆេទជាក់លាក់នៃការចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួននៅឡើយទេ ដោយរង់ចាំការចុះឈ្មោះពីក្រុមនានាសិន៕