ពាន​រង្វាន់​ហេងសំរិន បន្ថែម​បទ​បញ្ជា ដើម្បី​ពង្រឹង​ក្រម​សីលធម៌ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពាន​រង្វាន់​ហេងសំរិន បន្ថែម​បទ​បញ្ជា ដើម្បី​ពង្រឹង​ក្រម​សីលធម៌

07/09/2017
ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​ ពាន​រង្វាន់​សម្តេច​អគ្គមហាពញា​ចក្រី ហេង សំរិន លើកទី ១ ឆ្នាំ ២០១៧ និង​គណៈកម្មការ​វិន័យ បាន​ឯកភាព​គ្នា ក្នុង​ការ​បន្ថែម​នូវ​បទ​បញ្ជា​ថ្មីមួយ ដើម្បី ពង្រឹង​ក្រម​សីលធម៌​របស់​កីឡាករ និង​មន្រ្តី​ដឹកនាំ​ក្រុម នីមួយៗ​សម្រាប់​ត្រៀម​ក្នុងការ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ពីវគ្គ ៨ ក្រុម​ចុងក្រោយ រហូត​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១១ ខែ​កញ្ញា។



ការសម្រេច​បន្ថែម​បទ​បញ្ជា​ថ្មី​នេះ ​គឺ​ទប់ស្កាត់​ការប៉ះ​ទង្គិច​គ្នា​មួយ​ចំនួន ដែល​បាន​កើត​មាន​ឡើង ក្នុងការ​ប្រកួត​ជម្រុះ​រវាង​ក្រុម​ទាំង ១៨ តាម​ពូល​ទាំង ៣ នៅ​កីឡដ្ឋាន​ស្តាតចាស់​ដោយ​បាន​ចាប់ផ្តើម​កាល​ពីថ្ងៃ​ទី ២៩ ខែ​កក្កដា និង​បាន​បញ្ចប់​កាល​ពីថ្ងៃ​ទី ១ ខែ​កញ្ញា កន្លង​មក​នេះ ព្រោះ​សកម្មភាព​មិន​ប្រក្រតី​ទាំង​នោះ បាន​ប៉ះពាល់​ដល់​ក្រម​សីលធម៌​នៃការ​ប្រកួត និង​បាន​បំពាន​ទៅ​នឹង​គោល​បំណង​ធំ​នៃការ​ប្រកួត​ពាន​មួយ​នេះ ដែល​កំណត់​យក​ការ​លេង Fair play ជា​ចំណុច​អាទិភាព។



បើតាម​បទ​បញ្ជា​ថ្មី ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​តំណាង​ក្រុម​ទាំង ៨ បាន​ស្តាប់ ក្នុង​សន្និសីទ​កាសែត នៅ​ស្តាត​ចាស់ កាល​ពី​ព្រឹក​ថ្ងៃពុធ​ម្សិលមិញ បាន​ឲ្យដឹង​ថា៖ «តាមរយៈ​សកម្មភាព​របស់​កីឡាករ និង​មន្រ្តី​ដឹកនាំ​ក្រុម​មួយ​ចំនួន ក្នុងការ​ប្រកួត​កន្លង​មក បាន​បង្ហាញ​អំពី​ភាព​ទន់​ខ្សោយ​នៃ​ក្រម​សីលធម៌​ជាអ្នក​កីឡា ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល ក្រុម​ និង​ពាន​រង្វាន់​ទាំង​មូល»។



ជាមួយ​នឹង​ហេតុផល​នេះ ​គណៈកម្មការ​វិន័យ​នៃការ​ប្រកួត​នេះ បាន​សម្រេច​ថា «នឹង​ធ្វើការ​ពិន័យ​កីឡាករ ឬ​មន្រ្តី​ដឹកនាំ​ក្រុម​រូបណា ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ក្រម​សីលធម៌​ធ្ងន់ធ្ងរ មិន​ឲ្យ​ចូលរួម​​ក្នុងការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​អគ្គមហាពញា​ចក្រី ហេង សំរិន ជា​រៀងរហូត»។ បន្ថែម​ពីលើ​នេះ​គណៈកម្មការ​ប្រកួត បាន​កំណត់​មិនមាន​ការ​បន្ថែម​ម៉ោង ១៥ នាទី ២ ដង សម្រាប់ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ៣ នោះ​ទេ។



លោក ធុល នាង ប្រធាន​គណៈកម្មការ​ប្រកួត​នេះ បាន​ថ្លែង​ថា៖ «ពាន​រង្វាន់​យើង ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឲ្យមាន​ភាព​ល្អ​ប្រសើរ ពិសេស​ឲ្យមាន​ការ​ជឿជាក់ និង​ទុកចិត្ត​ចំពោះ​ក្រុម​ដែល​បាន​ចូលរួម ហើយ​អ្វីដែល​គណៈកម្មការ​បាន​រៀបចំ​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ ក៏​ដូចជា​លើក​ទឹកចិត្ត​ទៅ​ដល់​យុវជន​បាន​ចូលរួម​លេង​កីឡា ​អភិវឌ្ឍ​សង្គម ​ប្រទេស​ជាតិ និង​ជួយ​ឲ្យ​យុវជន​មាន​បទ​ពិសោធ និង​អាច​មាន​ឱកាស​បាន​ទៅ​លេង​នៅ​លីក​កំពូល​កម្ពុជា។ ហេតុនេះ​យើង​មិនចង់​ឲ្យ​កីឡាករ មាន​ការ​ប៉ះពារ​គ្នា ឬប៉ះ​សម្តីគ្នា​ ក្នុង​ពេល​ប្រកួត​នោះ​ទេ ព្រោះ​នេះ​ជា​កីឡា»។


បើតាម​ការ​ចាប់​ឆ្នោត​ ការ​ប្រកួត​វគ្គ ៨ ក្រុម ក្នុង​សន្និសីទ​កាសែត កាល​ពីថ្ងៃ​ពុធ​នោះ​ក្រុម​អាណាចក្រ​បៃតង ត្រូវ​ជួប​ក្រុម​ TN Kandal FC ​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឯ​ក្រុម​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា (GMAC) ត្រូវប៉ះ​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា នៅ​ថ្ងៃទី ១២ ខែ​កញ្ញា។ ចំណែក​ក្រុម​ Home Sport FC ត្រូវ​ប្រកួត​ជាមួយ​ក្រុម Old Town Garden នៅ​ថ្ងៃទី ១៣ ខែ​កញ្ញា ហើយ​ក្រុម Pisnoka FC ត្រូវ​តទល់​នឹង​ក្រុម The Salt FC នៅ​ថ្ងៃទី ១៤ ខែ​កញ្ញា។



ចំពោះការ​ប្រកួត​ទាំង ៤ គូ ក្នុង​វគ្គ ៨ ក្រុម​នេះ ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន​ស្តាត​ចាស់ ចាប់​ពី​ម៉ោង ៦ ល្ងាច​តទៅ​ដូចគ្នា ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី ៨ ខែ​កញ្ញា និង​វគ្គ​ផ្តាច់ព្រ័ត្រ នៅថ្ងៃ​ទី ៨ ខែ​តុលា៕