ក្រុមហ៊ុនអាជីវកម្មទើបបង្កើតរបស់អាល្លឺម៉ង់ Lilium ទទួលបានកញ្ចប់មូលនិធិនៅដំណាក់កាលទីពីរចំនួន ៩០លានដុល្លារអាមេរិដើម្បីបន្តគម្រោងផលិតតាក់ស៊ីអាកាសដឹកអ្នកដំណើរ៥នាក់ដែលមូលនិធិនេះផ្តល់ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ។
តាមរយៈមូលនិធិនឹងធ្វើឱ្យ Lilium ក្លាយជាក្រុមហ៊ុនទទួលបានមូលនិធិច្រើនជាងគេបំផុតក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត ។
ក្រុមហ៊ុន Lilium និយាយកាលពីថ្ងៃអង្គារថា មូលនិធិថ្មីនេះដឹកនាំដោយក្រុមហ៊ុនអ៊ីនធើណិតយក្សរបស់ចិន Tencent និងចូលរួមដោយក្រុមហ៊ុនវិនិយោគគ្រប់គ្រងបែបលក្ខណៈគ្រួសារដ៏ធំនៅអឺរ៉ុប LGT មានទីស្នាក់ការនៅប្រទេសលិចទិនស្តាញ ។ ក្រុមហ៊ុនបណ្តាក់ទុនលំដាប់កំពូលនៅអឺរ៉ុប Atomico និងក្រុមហ៊ុន Obvious Venture ដែលសហស្ថានិកលោក Evan Williams គឺជាសហស្ថានិកក្រុមហ៊ុន Twitter ផងដែរ ។
កាលពីខែមេសាកន្លងទៅ Lilium និយាយថា ខ្លួនកំពុងអភិវឌ្ឍតាក់ស៊ីអាកាសកៅអី៥បន្ទាប់ពីសាកល្បងជោគជ័យនូវយន្តហោះកៅអី២ដែលអាចហោះក្នុងរយៈកម្ពស់មធ្យមបាន ។ នាយកប្រតិបត្តិរបស់ Lilium និយាយថា ស្លាបយន្តហោះ និងថាមពលហោះហើរដោយអគ្គិសនីរបស់វានឹងធ្វើតាក់ស៊ីអាកាសហោះបានចម្ងាយ ៥ ទៅ ៦ ដងជាងដ្រូនធម្មតា ។ ក្រុមហ៊ុនដែលមានបុគ្គលិក ៧០ រូបដែលសុទ្ធសឹងជាបុគ្គលិកឆ្នើមនឹងរើសអ្នកជំនាញៗច្រើនរូបទៀតដូចជាផ្នែក វិស្វករអាកាស រូបវិទូ វិទ្យាសាស្ត្រកុំព្យូទ័រ និងអ្នកជំនាញកម្លាំងអគ្គិសនី ។
ក្រុមហ៊ុននិយាយថា Lilium គឺជាតាក់ស៊ីអគ្គិសនីតែមួយគត់ដែលអាចហោះហើរទាំងបញ្ឈរ និងហោះហើរដោយប្រើថាមពលមុខងារពិសេសទាំងពីរនេះអាចប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុកទើបបង្កើតថ្មីថ្មោងដូចគ្នា Volocopter កំពុងផលិតតាក់ស៊ី ឬរថយន្តហោះផ្អែកលើបច្ចេកវិទ្យាប្រើក្នុងដ្រូន ឬឧទ្ធម្ភាគចក្រ និងក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Airbus ។
លក្ខណៈពិសេសរបស់តាក់ស៊ីអាកាស៖
ទម្ងន់ស្រាលបំពាក់ដោយម៉ាស៊ីនអេឡិចត្រូនិក ៣៦ ។
ល្បឿន៣០០គីឡូម៉ត្រក្នុង១ម៉ោង (ពីក្រុងឡុងទៅប៉ារីស) ។
ថាមពលអគ្គិសនីដោយគ្មានសំឡេងរំខាន និងគ្មានជាតិពុលក្នុងបិយាកាស ១០០% ។
រំឮកថា Lilium ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយក្រុមនិស្សិតកម្រិតបរិញ្ញាបត្រពីសកលវិទ្យាល័យបច្ចេកទេសអាល្លឺម៉ង់ Technical University of Munich ៤រូបដែលទទួលបានមូលនិធិ ១១,៤ លានដុល្លារអាមេរិកកាលពីឆ្នាំមុនក្រុមហ៊ុន Lilium បច្ចុប្បន្នកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សសម្រាប់ការហោះហើរសាកល្បងនូវតាក់ស៊ីអាកាសកៅអី៥នៅឆ្នាំ ២០១៩ និងបញ្ចេញសេវាកម្មដឹកអ្នកដំណើរតាមតាក់ស៊ីអាកាសនៅទសវត្សរ៍ក្រោយទៀត ៕
ប្រភព៖ Reuters
