រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ៖ ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការបង្កើតប្រាក់ចំណូលដល់ប្រទេសថៃ បានជាង១០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ៖ ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការបង្កើតប្រាក់ចំណូលដល់ប្រទេសថៃ បានជាង១០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ!

06/09/2017
(បាងកក-ថៃ)៖ លោកស្រី Apiradi Tantraporn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា «ឧស្សាហកម្មត្បូងនិងគ្រឿងអលង្ការរបស់ប្រទេស ថៃគឺជាផ្នែកមួយដ៏សំខាន់ នៃពាណិជ្ជកម្មនិងការនាំចេញរបស់ប្រទេស» ដែលឧស្សាហកម្មនេះ ជាប់ចំណាត់ថ្នាក់ទីបី បន្ទាប់ពីឧស្សាហកម្មរថយន្ត និងគ្រឿងអេឡិចត្រូនិក បង្កើតប្រាក់ចំណូលជាង ១០ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
ការលើកឡើងរបស់ លោកស្រី Apiradi Tantraporn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានធ្វើឡើង នៅក្នុងពិព័រណ៍គ្រឿងអលង្ការនិងវត្ថុអនុស្សាវរីយ៍ទីក្រុងបាងកកលើកទី ៦០ ដែលប្រារព្ធឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោម ព្រះរាជអធិបតីព្រះអង្គម្ចាស់ក្សត្រី Sirivannavari Nariratana។

កញ្ញា ឆេង សូរិយា អ្នកយកព័ត៌មានរបស់បណ្តាញសារព័ត៌មាន Fresh News ជាសារព័ត៌មានតែមួយគត់របស់កម្ពុជា ដែលត្រូវបានប្រទេសថៃអញ្ជើញឲ្យទៅចូលរួមក្នុង
នៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ទីក្រុងបាងកកលើកទី ៦០ បានរាយការណ៍ពីទីក្រុងបាងកកមកថា
វិស័យឧស្សាហកម្មត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃគឺជាកត្តាដ៏ចម្បងជំរុញសេដ្ឋកិច្ចរបស់ប្រទេស ដោយបង្កើតប្រាក់ចំណូលសមរម្យសម្រាប់សិប្បករ និងពលករជំនាញ ជាង១លាននាក់។

នៅក្នុងឆ្នាំ២០១៦ ឧស្សាហកម្មនេះរកចំណូលបានជាង ១៤ពាន់លានដុល្លារអាមេរិក ក្នុងការនាំចេញ។ ហើយសម្រាប់រយៈពេល ៧ខែដំបូង នៃឆ្នាំ ២០១៧ ឧស្សាហកម្មនេះ បានប្រមូលប្រាក់ចំនួន ៧ពាន់លានដុល្លាររួចមកហើយ។
ព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៥ ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ រៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិរបស់ក្រសួងពាណិជ្ជកម្មមានគោលបំណងជំរុញឱ្យប្រទេសថៃឆ្ពោះទៅកាន់ទីតាំងនៃត្បូងនិងគ្រឿងអលង្ការរបស់ពិភពលោក។

ក្នុងពិធីនោះផងដែរ ព្រះអង្គម្ចាស់ក្សត្រី Sirivannavari Nariratana បានធ្វើជាអធិបតីនៃពិធីកាត់ខ្សែបូរនៃការបង្ហាញគ្រឿងអលង្ការរបស់ស៊ីរីវណ្ណណារ៉ា ហើយបាន យាងទតការតាំងពិព័រណ៍ជាច្រើន ដូចជាពិសេសពិព័រណ៍វិចិត្រសិល្បៈ។

ពិព័រណ៍គ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ទីក្រុងបាងកកលើកទី៦០ បានប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ និងអ្នកជំនួញឈានមុខជាង៩០០នាក់ មកពីជុំវិញប្រទេសថៃ និងពិភពលោក។ ក្នុងនោះមានសហរដ្ឋអាមេរិក ចិន ជប៉ុន ហុងកុង ឥណ្ឌា ស្រីលង្កា អ៊ីរ៉ង់ អ៊ីស្រាអែល និងបណ្តាប្រទេសអាស៊ាន ដែលបង្ហាញពីផលិតផលត្បូងនិងគ្រឿងអលង្ការព្រមទាំងផលិតផលដែលពាក់ព័ន្ធ ចំនួនជាង ២,២០០ស្តង់។

ពិព័រណ៍នេះត្រូវបានគេរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរជាច្រើនម៉ឺននាក់មកពីទ្វីបទាំងអស់នៅលើពិភពលោក។ពិព័រណ៍ត្បូងនិងគ្រឿងអលង្ការនេះ បានធ្វើឲ្យទីក្រុងបាងកក បានដើរតួយ៉ាងសំខាន់នៅក្នុងការបង្កើតឲ្យប្រទេសថៃ ជាគោលដៅល្បីឈ្មោះ សម្រាប់អ្នកផលិត និងអ្នកនាំចេញដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងបង្កើតបណ្តាញជំនួញជាមួយពាណិជ្ជករអន្តរជាតិ។ វាក៏បានផ្តល់នូវដំណាក់កាលដ៏សំខាន់មួយសម្រាប់ SME ក្នុងស្រុកនិងអ្នករចនាម៉ូដ ដើម្បីបង្ហាញគំនិតច្នៃប្រឌិត និងការបង្កើតដ៏អស្ចារ្យរបស់ពួកគេដល់ទស្សនិកជនសកលលោក។

ពិព័រណ៍ត្បួង និងគ្រឿងអលង្ការបាងកកទី៦០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ IMPACT Muang Thong Thani ប្រទេសថៃ។ ពិព័រណ៍នេះបើកចំហសម្រាប់ការចរចាពាណិជ្ជកម្ម ក្នុងអំឡុងពេលពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ខែកញ្ញា ចាប់ពីម៉ោង១០៖០០ព្រឹក-ម៉ោង ៦៖០០ល្ងាច និងបើកសម្រាប់សាធារណជនទូទៅ នៅថ្ងៃទី៩ខែកញ្ញា ម៉ោង១០៖០០ព្រឹក- ម៉ោង ៦៖០០ ល្ងាច និង នៅថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង១០៖០០ព្រឹក រហូតដល់ម៉ោង៥៖០០ល្ងាច៕