
ប្រធានក្លឹប Juventus ជាប់ឆ្នោតជាប្រធានសមាគមក្លឹបបាល់ទាត់ទ្វីបអឺរ៉ុប
បញ្ចូលដោយ៖ Laiheang Vobfm - 06/09/2017បាល់ទាត់៖ ប្រធានក្លឹបបាល់ទាត់អ៊ីតាលីសេះបង្កង់ Juventus លោក Andrea Agnelli ត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគមក្លឹបបាល់ទាត់ទ្វីបអឺរ៉ុប។
សមាគមក្លឹបបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា ECA ដែលមានសមាជិកសរុបជាង ២០០ ដែលរួមមានក្លឹបធំបំផុត និងមានបំផុតលើលោកផងដែរនោះបានអោយដឹងថា លោក Andrea Agnelli និងនាយកប្រតិបត្តិក្លឹបកាំភ្លើងធំ Arsenal លោក Ivan Gazidis ត្រូវបានជ្រើសរើសជាតំណាង នៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA ផងដែរ។ លោក Andrea Agnelli នឹងត្រូវជំនួសតំណែងអតិតកីឡាករជំរើសជាតិអាល្លឺម៉ង់ខាងលិច Karl-Heinz Rummenigge ដែលជាកាន់តំណែងប្រធាន ECA នេះតាំងពីឆ្នាំបង្កើតដំបូង២០០៨។
ឆ្នាំមុន ECA បានគាំទ្រគម្រោងកំណែទំរង់ការប្រកួតក្របខណ្ឌ UEFA Champions League ដែលកាត់បន្ថយចំនួនក្លឹបមកពីក្របខណ្ឌតូចក្នុងអឺរ៉ុបចូលលេងវគ្គ Group Stage។
កាលពីថ្ងៃចន្ទកន្លងទៅប្រធាន UEFA លោក Aleksander Ceferin បានប្រាប់មកកាន់ ECA ថា ការបែងចែកធនធានក្លឹបក្រ និងមាន គឺជាបញ្ហាដែលកំពុងប្រឈមនៅបាល់ទាត់អឺរ៉ុប៕
ប្រភព៖ Bayon TV