ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន បន្តជួបជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន បន្តជួបជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា

05/09/2017
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧ស្អែក នឹងអញ្ជើញជួបសំណេះ សំណាលដោយផ្ទាល់ជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅថ្ងៃពុធ សប្តាហ៍មុននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅសួន ឧស្សាហកម្មវឌ្ឍនៈទី២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោផងដែរ។ ក្នុងជំនួបនោះក្រៅពីការជួបជជែកនៅលើវេទិកា សម្តេចតេជោ ក៏បានអញ្ជើញទៅជួបជាមួយកម្មករ កម្មការិនី ដែលកំពុងធ្វើនៅក្នុងរោងចក្រផងដែរ។
ជាពិសេសពេលចុះទៅជួបកម្មករ កម្មការិនី នៅសួនឧស្សាហកម្មវឌ្ឍនៈ២នោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញហូបបាយកញ្ចប់ជា មួយបងប្អូនកម្មករ កម្មការិនីថែមទៀតផង។ វត្តមានរបស់សម្តេចនៅតាមរោងចក្រនេះ បានធ្វើឲ្យកម្មករ កម្មការិនី មានការរីករាយ និងសប្បាយចិត្តជាខ្លាំង ព្រោះវត្តមានសម្តេចគឺបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគេ។

សូមបញ្ជាក់មកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងរបស់កម្មករ និយោជិត និងកម្មករ កម្មការិនីនៅតាមរោងចក្រចំនួន ៥លើករួចមកហើយ។ ក្នុងកិច្ចសំណេះសំណាលទាំងនោះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញជាច្រើនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានានៅកម្ពុជាបង្កើនការងារជូនកូនចៅប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីកិច្ចខិតខំ និងការយកចិត្តទុកដាក់ជាច្រើនទៀត ដើម្បីជំរុញដល់ការដំឡើងប្រាក់ខែជូនដល់កម្មករ និងការងារមួយចំនួនទៀតក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត ដូចជាការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ស្នាក់នៅរបស់កម្មករកាត់បន្ថយការចំណាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងជ្រើសយកពីរថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និយោជិត។ ក្នុងនោះថ្ងៃអាទិត្យ ជួបសំណេះសំណាលជាមួយតំណាងរបស់កម្មករ និយោជិត ហើយថ្ងៃពុធ គឺសម្តេចចុះសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតែម្តង។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅកម្ពុជានាពេលបច្ចុប្បន្នមានរោងចក្រ សហគ្រាសលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សរុប១,១០៧ និងមានកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាង ៧៤ម៉ឺននាក់។ តាមរយៈវិស័យនេះ ផ្តល់ចំណូលប្រមាណជា ២ពាន់លានដុល្លារអាមេរិក ហើយផ្តល់ការងារជូនប្រជាពលរដ្ឋដោយប្រយោលជាង ៣លាននាក់ផ្សេងទៀត។

ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតឲ្យកាន់តែប្រសើរសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

ចាប់ពីខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ដែលបានចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយឆ្នាំ។

ចាប់ពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យកម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តី រាជការផងដែរ។ ប្រាក់នេះ សម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ តាមរយៈកញ្ចប់អត្ថប្រយោជន៍ថ្មីជាច្រើននេះ ដែលសម្តេចផ្តល់ជូនកម្មករ និយោជិតនេះ គេរំពឹងថា នឹងជួយឲ្យជីវភាព និងការរស់នៅរបស់កម្មករ និយោជិត កាន់តែល្អប្រសើរ៕