ករណីផ្ទុះឆេះរថយន្ត១គ្រឿង នៅបន្ទាយមាជ័យបណ្តាលឲ្យស្លាប់ និងរងរបួស, ពេលនេះមន្រ្តីអាវុធហត្ថ កោះហៅមនុស្ស៩នាក់មកសួរនាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណីផ្ទុះឆេះរថយន្ត១គ្រឿង នៅបន្ទាយមាជ័យបណ្តាលឲ្យស្លាប់ និងរងរបួស, ពេលនេះមន្រ្តីអាវុធហត្ថ កោះហៅមនុស្ស៩នាក់មកសួរនាំ

05/09/2017
(បន្ទាយមានជ័យ)៖​ ករណីផ្ទុះឆេះរថយន្តម៉ាកនីសាន់១គ្រឿង នៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស៥នាក់នោះ កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត ក្រោមការបញ្ជាពីលោក បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកការស្រាវជ្រាស៊ើបអង្កេត ដោយចំណាយពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ជាលទ្ធផលនោះ កម្លាំងជំនាញរកឃើញមូលហេតុ គឺមកពីការផ្ទុះគ្រាប់បែកផាវ៨កេះ ទម្ងន់១៦០គីឡូក្រាម ដឹកផ្ទុកក្នុងរថយន្តរៀបចំទុកដាក់ខុសបច្ចេកទេស ព្រមទាំងឈានទៅដល់ការកោះមនុស្សចំនួន៩នាក់មកសួរនាំផងដែរ។
លោកវរសេនីយ៍ឯក ម៉ែន ភារម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា ក្នុងសំណុំរឿងករណីផ្ទុះឆេះរថយន្ត ដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០៧នោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថប្រឆាំងភេវរកម្មលើផ្ទៃប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ នៃសាលាដំបូងខេត្ត បានស្រាវជ្រាវស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ ដើម្បីយកមកសាកសួរ។

លោកថា ក្នុងចំណោមអ្នក៩នាក់នោះរួមមាន៖ ម្ចាស់ទំនិញផាវគ្រាប់បែក២នាក់ ប្តី-ប្រពន្ធរស់នៅ ក្នុងក្រុងសិរីសោភ័ណ អ្នកកម្មង់ទិញផាវគ្រាប់បែកនៅភ្នំពេញ ខេត្តកណ្តាល និងនៅខេត្តតាកែវ៣នាក់ រួមនិងកម្មករស៊ីឈ្នួលដឹកជញ្ជូន៤នាក់។ ទន្ទឹមនោះសមត្ថកិច្ច ក៏បានឆែកឆេរត្រួតពិនិត្យរកឃើញដកហូតបានវត្ថុតាងផាវគ្រាប់បែក៤០កញ្ចប់ ស្មើនិង៣៩៨៦គ្រាប់ ដោយផាវគ្រាប់បែកទាំងនោះផលិតនៅក្នុងប្រទេសថៃ។

​សូមរំលឹកថា ក្នុងហេតុការណ៍ផ្ទុះឆេះរថយន្តគួរឱ្យរន្ធត់បែបនោះមិនត្រឹមតែបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់និងរងរបួសធ្ងន់២នាក់ប៉ុណ្ណោះនោះទេ ហេតុការណ៍នោះក៏បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នង នៅក្បែរកន្លែងកើតហេតុរងការខូចខាត និងម៉ូតូដឹកផ្ទុកលើរថយន្ត៣គ្រឿង ផងដែរ។ ហេតុការណ៍រថយន្តផ្ទុះឆេះ នៅចំណុចខាងលើ ដែលបានកើតឡើងកាលពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៧ មានមតិសាធារណៈមួយចំនួន បានយល់ឃើញ និងវាយតម្លៃគ្មានមូលដ្ឋានច្បាស់លាស់ថា ហេតុការណ៍នោះគេសង្ស័យជាអំពើភេរវកម្មរឺជារឿងបំផ្ទុះគ្រាប់បែក និងការផ្ទុះរំសេវ TNT ជាដើមនោះ។

​លោកវរសេនីយ៍ឯក ម៉ែន ភារម្យ បានប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីម្ចាស់ទំនិញផាវគ្រាប់បែកឈ្មោះ សាំង សោភ័ណ ប្រាប់ថា ផាវគ្រាប់បែកនោះគាត់ កម្មង់ទិញពីអាជីវករម្នាក់ ជាជនជាតិថៃ នៅផ្សាររុងក្លឿរ ការប្រកបមុខរបរជួញដូររកស៊ីផាវគ្រាប់បែកនោះ មានចំនួនសរុប​៨លើកចុងក្រោយនេះ គឺនាំយកទៅលក់ នៅរាជធានីភ្នំពេញ។​ ថ្ងៃកើតហេតុផ្ទុះឆេះរថយន្តម៉ាកនីសាន់១បាំងកន្លះនោះ គឺគេផ្ញើផាវគ្រាប់បែកដឹកតាមរថយន្តនោះចំនួន៨កេះ១កេះ ស្មើនិង២០គីឡូក្រាម។ ការប្រកបមុខរបររកស៊ីធ្វើជំនួញផាវគ្រាប់បែក គឺគាត់មិនដឹងថា ខុសច្បាប់នោះទេ។
​លោក បោន ប៊ិន បានបញ្ជាក់ថា ក្រោយពីមានការស៊ើបអង្កេត សាកសួរជនជាប់ពាក់ព័ន្ធទាំង៩នាក់ខាងលើ គឺហេតុការណ៍ផ្ទុះឆេះរថយន្តនៅខេត្តបន្ទាយមានជ័យ មិនជាប់ពាក់ព័ន្ធអំពើភេវរកម្ម អំពើផ្ទុះគ្រាប់បែករឺការផ្ទុះរំសេវ TNT នោះឡើយ។

ដោយយោងតាមទិដ្ឋភាពច្បាប់ ជនជាប់ពាក់ព័ន្ធ២នាក់ ដែលជាម្ចាស់ទំនិញ និងអ្នកទទួលទិញជាប់ចោទពីបទល្មើសស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ប៉ុន្តែយោងតាមការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរយើង នៅមានកំរិតជុំវិញបញ្ហានោះ តំណាងអយ្យការ នៃសាលាដំបូងខេត្ត ក៏បានឱ្យធ្វើការអប់រំ និងឱ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ ការធ្វើពាណិជ្ជកម្មផាវគ្រាប់បែកនេះចាប់ពីពេលនេះតទៅ ពួកគាត់ទាំង៩នាក់ ក៏បានអនុញ្ញាតដោះលែងត្រឡប់ទៅផ្ទះវិញ។

​ពាក់ព័ន្ធបញ្ហានេះដែរ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលជាអាជីវកររកស៊ីលក់ដូរផាវគ្រឿងរំសេវផ្ទុះ ត្រូវនាំគ្នាបញ្ឈប់សកម្មភាពទាំងស្រុង ដើម្បីចៀសវាងកុំឱ្យកើតឡើងគ្រោះថ្នាក់ ដោយប្រការណាមួយពីផាវរំសេវផ្ទុះដែលជាហេតុធ្វើឱ្យបងប្អូនប្រឈមនិងផ្លូវច្បាប់៕