បាល់ទាត់៖ ក្រុមជម្រើសជាតិកូតឌឺវ័រកំពុងបន្តការហ្វឹកហាត់របស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការទទួលស្វាគមន៍ក្នុងភ្ញៀវហ្គាបុងក្នុងវគ្គជម្រុះ World Cup ពូល C ក្នុងទ្វីបអាហ្វ្រិករាត្រីថ្ងៃអង្គារនេះនៅទីក្រុង Bouake ប្រទេសកូតឌឺវ័រ។ការជួបគ្នាដំបូងនៅប្រទេសហ្គាបុងគឺក្រុមកូតឌឺវ័របានឈ្នះ ៣-០ ដែលធ្វើឲ្យពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេក្នុងពូល C នេះដោយមាន ៧ពិន្ទុពីការឈ្នះ ២លើក និងស្មើមួយលើក ចំណែកឯហ្គាបុងឈរលេខ៣ មាន ២ពិន្ទុនៅពីក្រោមក្រុមមារ៉ុកដែលឈរលេខ២ មាន ៥ពិន្ទុ ខណៈដែលម៉ាលីនៅបាតតារាង។ ជុំវិញការប្រកួតរាត្រីនេះវិញត្រូវបានលោក Marc Wilmot គ្រូបង្វឹកក្រុមកូតឌឺវ័ររំពឹងថា នឹងទទួលបាន ៣ពិន្ទុបន្ថែមទៀតពីក្រុមភ្ញៀវ ដោយសារកូនក្រុមរបស់ខ្លួនបានហ្វឹកហាត់ដោយយល់ចិត្តគ្នា ដូច្នេះលោកមិនមានការព្រួយបារម្ភអ្វីនោះទេ។

គួរបញ្ជាក់ថា វគ្គជម្រុះ World Cup ២០១៨ ក្នុងទ្វីបអាហ្វ្រិកគឺយកតែ ៥កៅអីប៉ុណ្ណោះក្នុងការបន្តដំណើរឆ្ពោះទៅរុស្ស៊ីឆ្នាំក្រោយ មានន័យក្រុមលេខ១ ក្នុងពូលទាំង៥ និងឡើងទៅវគ្គបន្ត ខណៈក្រុមលេខ២ មិនមានការប្រកួត Playoff នោះទេ៕
ប្រភព៖ Bayon TV