ហ្គោល៖ កីឡាករវាយគោល Justin Thomas បានប្រជែងឈ្នះជើងឯកការប្រកួតកម្មវិធី Dell Technologies Championship នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកថ្ងៃចន្ទម្សិលម៉ិញ ដែលជាជើងឯកក្នុងក្របខណ្ឌ PGA Tour លើកទី៥ រដូវកាល២០១៧ នេះ។
ការប្រកួតនៅទីលានវាយគោល TPC Boston ទីក្រុង Boston, Justin Thomas ធ្វើបានសរុប ១៧ under par យកឈ្នះមិត្តរួមជាតិអាមេរិក Jordan Spieth ដែលបញ្ចប់លេខ២ ធ្វើបាន ១៤ under par ខណៈកីឡាករអូស្ត្រាលី Marc Leishman លេខ៣ មាន ១៣ under par។ កីឡាករវ័យ ២៤ឆ្នាំដើមកំណើតនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក Justin Thomas ទទួលបានប្រាក់រង្វាន់ក្នុងនាមជាជើងឯកនៅទីនេះ ១.៥៧៥លានដុល្លារអាមេរិកក្នុងចំណោមកញ្ចប់ទឹកប្រាក់ក្នុងកម្មវិធី ៨.៧៥លានដុល្លារ។ ជ័យជំនះនៅទីក្រុង Boston នេះនឹងជាកម្លាំងជំរុញទឹកចិត្តមុនព្រឹត្តិការណ៍ BMW Championship ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកញ្ញានេះ៕
ប្រភព៖ Bayon TV
