FootGolf៖ កីឡាករ Antonio Balestra ស្វែងរកបានជ័យជំនះទីបួនក្នុងចំណោមកីឡាករបារាំង ៥នាក់រដូវកាលនេះដែលឈ្នះជើងឯកកីឡា FootGolf នៅទឹកដីសហរដ្ឋអាមេរិក។
FootGolf ជាប្រភេទកីឡាម្យ៉ាងដែលមានការលាយបញ្ចូលគ្នារវាងកីឡាវាយគោល និងកីឡាបាល់ទាត់ ពោលគឺអ្នកលេងត្រូវប្រើប្រាស់ជើងទាត់បាល់បង្ហូរចូលក្នុងឡូកូនគោល និងគិតពិន្ទុតាមកីឡាវាយគោល។ សហព័ន្ធកីឡា FootGolf អន្តរជាតិហៅកាត់ថា FIFG បានរៀបចំអោយមានព្រឹត្តិការណ៍កីឡា FootGolf នេះ ៦លើកក្នុងមួយឆ្នាំ។ ការប្រកួតនៅរដ្ឋ Florida សហរដ្ឋអាមេរិកចុងសប្ដាហ៍កន្លងទៅនេះ ជើងឯកបានទៅកីឡាករវ័យ ២៤ឆ្នាំបារាំង Antonio Balestra ដែលធ្វើបានពិន្ទុសរុប ២០ under par ទទួលបានប្រាក់រង្វាន់ ៤ពាន់ដុល្លារ និង ១០០០ពិន្ទុ FootGolf។
កីឡាករដែលរកបានពិន្ទុច្រើនជាងគេ បូកសរុបពីការប្រកួតធំៗទាំង ៦លើកប្រចាំឆ្នាំនឹងក្លាយជាជើងឯកពិភពលោកកីឡា FootGolf។ មានអ្នកលេងកីឡានេះ ១២៧នាក់មកពី ១៨ប្រទេសចូលរួមការប្រកួតលើកនេះ រួមមានទាំងអតិតកីឡាករបាល់ទាត់ជំរើសជាតិអាហ្សង់ទីន Roberto Ayala ផងដែរ។ ការប្រកួត FootGolf កម្មវិធីធំប្រចាំឆ្នាំជាបន្តទៀតនឹងធ្វើនៅរដ្ឋ Florida នៅថ្ងៃទី៧ ដល់ទី៩ សប្ដាហ៍នេះកម្មវិធី PGA National Classic៕
ប្រភព៖ Bayon TV
