បាល់ទាត់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជំរើសជាតិអាហ្សង់ទីនលោក Jorge Sampaoli បាននិយាយថា ក្រុមអាហ្សង់ទីនទាំងមូលនៅតែរំពឹងថា Lionel Messi ជួយរកគ្រាប់ស៊ុតបញ្ចូលទីបានអោយក្រុម ដើម្បីមានកៅអីទៅ World Cup ប្រទេសរុស្ស៊ីឆ្នាំក្រោយ។
មុនជំនួបជាមួយក្រុមភ្ញៀវវេណេហ្ស៊ុយអេឡាព្រឹកស្អែកនេះលោក Jorge Sampaoli បានបង្ហើបថា យុទ្ធសាស្ត្ររបស់លោកនៅពេលនេះ គឺធ្វើយ៉ាងណាបញ្ជូនបាល់អោយ Messi ដើម្បីរកគ្រាប់បាល់ តែក្រុមត្រូវជំនះអោយបានលើការលេងគាបសង្កត់របស់ក្រុមភ្ញៀវ។ អាហ្សង់ទីននៅពេលនេះកំពុងឈរលេខ៥ ក្នុងពូលនៃវគ្គជំរុះតំបន់អាមេរិកឡាទីន ខណៈមានតែបួនក្រុមកំពូលប៉ុណ្ណោះដែលមានកៅអីស្វ័យប្រវត្តិ ខណៈក្រុមលេខ៥ ត្រូវប្រកួតវគ្គ Play-Off ជាមួយក្រុមមកពីទ្វីបអូសេអានី។
ប្រេស៊ីលគឺជាក្រុមតែមួយគិតនៅអាមេរិកខាងត្បូងដែលមានពិន្ទុគ្រប់គ្រាន់ និងកក់សំបុត្រយន្តហោះទៅរុស្ស៊ីឆ្នាំក្រោយដោយមាន ៣៦ពិន្ទុ។ កូឡុំប៊ីកំពុងឈរលេខ២ មាន ២៥ពិន្ទុ, អ៊ុយរូហ្កាយលេខ៣ មាន ២៤ពិន្ទុ ខណៈឈីលី និងអាហ្សង់ទីនលេខ៥ មាន ២៤ពិន្ទុដូចគ្នា។ ចំណែកវេណេហ្ស៊ុយអេឡាទើបមាន ៧ពិន្ទុប៉ុណ្ណោះឈរបាតតារាងគ្មានលទ្ធភាពទៅរុស្ស៊ីដែរ ខណៈនៅសល់តែ ៣ប្រកួតក្នុងវគ្គជំរុះប៉ុណ្ណោះ៕
ប្រភព៖ Bayon TV
