យោងតាមនាយកដ្ឋានអប់រំនៃរដ្ឋ Rakhine នៅក្នុងចំណោមសាលារៀនទាំង ៤១៨ទីតាំង ដែលបានបិទ្វារ មាន ១៨៣សាលា នៅក្នុងទីក្រុងម៉ងត (Maungtaw), ២១២សាលា នៅឯទីក្រុង ប៊ូធីដង (Buthidaung) និង ២៣សាលា នៅក្នុងទីក្រុង យ៉ាថេដង (Yathedaung)។ នាយកដ្ឋានអប់រំមួយនេះ ក៏បានបញ្ជាក់ដែរថា សិស្សចំនួន ៨០,០០០នាក់ បានចុះឈ្មោះចូលរៀនតាមសាលានានាក្នុងទីក្រុង Maungtaw សម្រាប់ឆ្នាំសិក្សា២០១៧នេះ ដោយចាប់ផ្ដើមចូលរៀនកាលពីខែមិថុនា មកម្ល៉េះ។
គួរបញ្ជាក់ថា ជម្លោះជាតិសាសន៍ រដ្ឋ Rakhine អស់រយៈជាច្រើនសប្ដាហ៍មកនេះ បានផ្ដាច់យកជីវិតមនុស្សជិត ៤០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា រីឯ ៣៨,០០០នាក់ផ្សេងទៀត បានភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស៕