Apple នឹងប្រកាសចេញ iPhone ជំនាន់ថ្មីបីម៉ូដែលនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ នៅសាល Steve Jobs ក្នុងទីស្នាក់ការថ្មីរបស់ Apple។
ក្រោយការប្រកាសផ្លូវការបានបន្តិច គណនី Weibo មួយក៏បានបង្ហោះចេញរូបមួយសន្លឹកដែលបង្ហាញពីតម្លៃលក់ iPhone ទាំងបីស៊េរីនៅលើទីផ្សារប្រទេសចិន។ តាមបញ្ជីតម្លៃឃើញថា iPhone ស៊េរីពិសេសផលិតសម្រាប់អបអរខួប ១០ ឆ្នាំរបស់ iPhone ត្រូវបានគេដាក់ឈ្មោះថា iPhone X Edition (X តំណាងឲ្យលេខ ១០) មិនមែនមានឈ្មោះ iPhone 8 ដូចសារព័ត៌មានជាច្រើនប៉ាន់ស្មានកន្លងមកនោះទេ។
ចំពោះតម្លៃវិញ iPhone 7s មានតម្លៃ ៨១៨ ដុល្លារ, ៩៣៩ ដុល្លារ និង ១០៦១ ដុល្លារ ទៅតាមទំហំអង្គផ្ទុកទិន្នន័យ ៣២/១២៨/២៥៦ GB ។ iPhone 7s Plus មានតម្លៃ ៩៧០ ដុល្លារ, ១០៩១ ដុល្លារ និង ១២១៣ ដុល្លារ ទៅតាមទំហំអង្គផ្ទុកទិន្នន័យ។
ដោយឡែកចំពោះ iPhone X Edition វិញមានទំហំអង្គផ្ទុកទិន្នន័យតែ ២ ជម្រើសប៉ុណ្ណោះ ដោយទំហំ ១២៨ GB តម្លៃ ១១៩៨ ដុល្លារ និង ទំហំ ២៥៦ GB តម្លៃ ១៣១៩ ដុល្លារ ។ តម្លៃ iPhone X Edition ដែលគ្រប់គ្នាស្គាល់ថាជា iPhone 8 នេះឃើញថាខុសគ្នាពីដំណឹងចេញផ្សាយកាលសប្ដាហ៍មុនដោយថា iPhone ស៊េរីពិសេសនេះមានតម្លៃចាប់ពី ៩៩៩ ដុល្លារ សម្រាប់ទំហំអង្គផ្ទុកទិន្នន័យទំហំ ៦៤ GB។
ទាំងតម្លៃ និង ទំហំអង្គផ្ទុកទិន្នន័យដែលចេញប្រភពពីប្រទេសចិន និង អាមេរិកឃើញថាខុសគ្នាទាំងពីរ។ ដូចនេះនៅមិនអាចនិយាយបានទេថាតម្លៃ iPhone បីម៉ូដែលខាងលើអាចជាតម្លៃពិតឬយ៉ាងណានោះ៕
ប្រភព៖ Thegioididong
