ខេត្តត្បូងឃ្មុំ ៖ វត្តបឹងជ្រោងជាប់នឹងព្រំដែនវៀតណាម ស្ថិតនៅភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ក្នុងនោះមានសាឡុំបុរាណមួយ ដែលបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ។ ទោះបីជាស្ថិតនៅតំបន់ដាច់ស្រយាលយ៉ាងណាក្តីក៏មានពលរដ្ឋមកពីគ្រប់ទិសទីនាំគ្នាមកគោរពថ្វាយបង្គំព្រះ និងបានបួងសួងសុំសេចក្តីសុខក្នុងក្រុមគ្រួសារផងដែរ។ លោក ខ្មៅ លី អាយុ៥២ឆ្នាំ នៅភូមិលាជក្រោម ឃុំជាំ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ សីហា ២០១៧ថា ក្នុងបរិវេណវត្តបឹងជ្រោងមានសាឡុំបុរាណមួយ ដែលខឿននៅជុំវិញទាំង៤ទិសត្រូវបានចាស់ទុំជំនាន់បុរាណនាំគ្នារៀបចំថ្មបាយក្រៀម ដោយមានទាំងដាក់ព្រះពុទ្ធរូបជាច្រើនអង្គសម្រាប់ឲ្យពលរដ្ឋក្មេងចាស់ប្រុសស្រីគោរពប្រតិបត្តិតាមឱវាទព្រះពុទ្ធ សូម្បីតែជីតារបស់គាត់នៅពេលដែលកើតមកបានឃើញទួលបុរាណនេះ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។
លោក ខ្មៅ លី ប្រាប់បន្តទៀតថា កន្លែងនេះល្បីមានបារមីសក្តិសិទ្ធ លុះមកដល់ជំនាន់ប៉ុលពត ព្រះពុទ្ធរូបត្រូវបានគេបំផ្លាញចោលឡើងខ្ទេចខ្ទីរអស់ ដោយបានបំបិទសិទ្ធិសេរីភាពមិនឲ្យពលរដ្ឋគោរពជាទីសក្ការបូជានោះទេ។ តែក្រោយថ្ងៃរំដោះ០៧ មករាឆ្នាំ ១៩៧៩ អ្នកភូមិបានមូលមតិគ្នារៃស្រូវក្នុង១គ្រួសារ៣០០គីឡូក្រាម និងបានទៅកាប់ដើមគគីរនៅក្នុងព្រៃក្រោយភូមិ យកកសាងសាឡុំជាថ្មីឡើងវិញ និងបានដាក់ពុទ្ធរូបផងដែរ។ មានពេលយប់ថ្ងៃមួយក្នុងអំឡុងឆ្នាំ១៩៨០ប្លាយ មានចោរមួយក្រុមបាននាំគ្នាជីកយកវត្ថុបុរាណ ដែលចាស់ជំនាន់ដើមបានកប់ដាក់នៅក្នុងដីមានសំរិទ្ធជាដើមរហូតដល់ព្រឹកឡើងមានបន្សល់ទុករណ្តៅធំមួយ ហើយចាស់ៗនិងគណៈកម្មការវត្តបាននាំគ្នាកប់រណ្តៅនោះហើយក៏មិនបានដឹងថា តើរបស់ទាំងនោះមានតម្លៃប៉ុណ្ណាដែរ។ ភិក្ខុមួយអង្គព្រះនាម អឿន វាសនា មានថេរដីកាឲ្យដឹងដែរថា វត្តនេះបានកើតឡើងតាំងពីបុរាណកាលមកម្លេះ ក្នុងនោះមានសាទ្បុំមួយដែលគ្រឹះ ត្រូវបានកសាងឡើងពីថ្មបាយក្រៀម មានដាក់ព្រះពុទ្ធរូបសម្រាប់ឲ្យពុទ្ធបរស័ទនាំគ្នាគោរពបូជា ហើយមានព្រះសង្ឃចំនួន០៣អង្គគង់នៅសព្វថ្ងៃនេះ។
ជាមួយនោះក៏មានព្រះវិហារមួយថ្មីសន្លាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពុទ្ធសករាជ២៥៥៧ ត្រូវនឹងគ្រឹះសករាជ២០១៤។
ហើយក៏មានសាលាឆាន់១ខ្នងទៀតដែលពុទ្ធបរិស័ទបានចូលរួមកសាងអស់ទឹកប្រាក់ជាង១២ម៉ឺនដុល្លារដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយយកចង្ហាន់មកប្រគេនព្រះសង្ឃក្នុងរដូវបុណ្យភ្ជុំបិណ្ឌពេលខាងមុខនេះ ៕ អត្ថបទ: ទេព វណ្ណះ