រដ្ឋមន្ត្រីថោង ខុន ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជិត៣០០នាក់ រស់នៅឃុំបារាយណ៍ ខេត្តកំពង់ធំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រីថោង ខុន ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជិត៣០០នាក់ រស់នៅឃុំបារាយណ៍ ខេត្តកំពង់ធំ

02/09/2017
(កំពង់ធំ)៖ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៧ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួម ពីក្រុមការងារ លោកអភិបាលស្រុក លោកមេឃុំ និងប្រជាពលរដ្ឋ ប្រមាណ២៥០នាក់។

បន្ទាប់ពី លោក មេឃុំ បានឡើងមានមតិស្វាគមន៍ និងរាយការណ៍ពីស្ថានភាពទូទៅ និងសភាពការណ៍កើតឡើង នៅភូមិចតុលោក ឃុំបារាយណ៍រួចមក លោក ថោង ខុន បានជម្រាបជូនប្រជាពលរដ្ឋ អំពីគោលនយោបាយ សំខាន់ៗ របស់រាជរដ្ឋាភិបាលកន្លងមក ដែលបានជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន ការមិនយកពន្ធលើដីស្រែ ប្រជាពលរដ្ឋ ការបញ្ចុះថ្លៃអគ្គីសនី ទឹកស្អាត ការផ្តល់សេវាសាធារណៈ ដោយឥតគិតថ្លៃ (ដូចជាសំបុត្រកំណើត អាពាហ៍ពិពាហ៍ មរណៈភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ការអនុញ្ញាតឲ្យអាជីវករលក់ដូរ នូវ សិទ្ធិកាន់កាប់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់ និងកន្លែងលក់ដូរដ៏ទៃទៀត និងការលុបការ បង់ភាស៊ី ចំពោះអ្នកលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អីជាដើម។

រដ្ឋមន្រ្តី ថោង ខុន បានបន្ថែមទៀតថា ពិសេសនាពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគិតគូរ និងយកចិត្តទុកដាក់ដល់កម្មករ និយោជិត ដូចជា ការអនុញ្ញាតឲ្យកម្មករ និយោជិតជិះរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃរយៈពេល ០២ឆ្នាំ ការអនុគ្រោះឲ្យកម្មករនិយោជិត មិនបង់ប្រាក់ថ្លៃសេវា គាំពារសុខភាព គិតចាប់ពី ខែមករា ឆ្នាំ២០១៨តទៅ ហើយចាប់ពី ឆ្នាំ២០១៩ តទៅ កម្មករនិយោជិត នឹង ទទួលបានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការផងដែរ។
លោក ថោង ខុន បានបញ្ជាក់ជូនអង្គប្រជុំអំពីល្បិចកល និងការបោកប្រាស់របស់បក្សប្រឆាំង ដែលកន្លងមក មិនគ្រាន់តែ មិនបានចូលរួមកសាងសមិទ្ធផល សម្រាប់ប្រទេសជាតិអ្វីសោះនោះទេតែបានរារាំងបរទេសកុំឲ្យ ផ្តល់ជំនួយ កុំឲ្យវិនិយោគ និងកុំឲ្យទិញទំនិញកម្ពុជា ដែលជាយុទ្ធសាស្រ្ត០៣កុំរបស់ពួកគេ ដែលទាំងនេះជា កត្តារារាំងដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងប៉ះពាល់ដល់ជីវភាពរស់នៅ ចំណូល និងមុខរបរ របស់ប្រជាពលរដ្ឋ ពិសេសកូនចៅប្រជាពលរដ្ឋដែលជាកម្មករ និយោជិត ហើយដែលខុសស្រឡះ និងផ្ទុយពីគោលនយោបាយ ០៣សុំ របស់រាជរដ្ឋាភិបាល (សុំឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា សុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា និងសុំឲ្យបរទេសជួយទិញទំនិញកម្ពុជា)

រដ្ឋមន្រ្តី បានរំលឹក ដល់ប្រជាពលរដ្ឋ ក្មួយៗយុវជនដែលដល់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ និងសូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ អោយបានគ្រប់គ្រប់គ្នា។
ក្នុងឱកាសសំណេះសំណាលនេះ តាមសំណូមពររបស់ប្រជាពលរដ្ឋ រដ្ឋមន្រ្តី ថោង ខុន បានផ្តល់ ផ្លូវលំ ក្រួស ក្រហម០១ខ្សែ ប្រវែង១,២០០ម៉ែត្រ ប្រឡាយ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ ជួសជុលផ្លូវ លើខ្នងប្រឡាយប្រវែង ៤គីឡូម៉ែត្រ និងបានចុះទៅសួរសុខទុក្ខ គ្រួសារជនពិការ និងចាស់ជរាផងដែរ៕