សម្ដេចតេជោ ហ៊ុន សែន ហៅការធ្វើឲ្យតម្លៃទឹកឡើងថ្លៃលើសដើមជាកំហុសឆ្គងមួយដ៏ធំ និងសុំទោសពលរដ្ឋ នៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ហៅការធ្វើឲ្យតម្លៃទឹកឡើងថ្លៃលើសដើមជាកំហុសឆ្គងមួយដ៏ធំ និងសុំទោសពលរដ្ឋ នៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ

30/08/2017
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានហៅការធ្វើឲ្យតម្លៃទឹកឡើងថ្លៃលើសដើម គឺជាកំហុសឆ្គងមួយដ៏ធ្ងន់ធ្ងរ តែទោះជាយ៉ាងណា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសុំទោសប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រមទាំង​ទូទាត់សងប្រជាពលរដ្ឋវិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ​នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក៏បាន​បញ្ជាឲ្យទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងលោក ឯក សុនចាន់ រដ្ឋលេខាធិការ ចុះទៅដោះស្រាយបញ្ហាទឹកជាមួយ រដ្ឋាករទឹក បន្ទាប់ពីសម្ដេចបានទទួលរបាយការណ៍ និងព័ត៌មានថា តម្លៃទឹកនៅរាជធានីភ្នំពេញ មានការកើនឡើងសម្រាប់ អ្នកប្រើប្រាស់តិច និងអ្នកប្រើប្រាស់ច្រើន ខុស​ពីការអំពាវនាវរបស់សម្ដេច នាពេលបច្ចុប្បន្ននេះ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនខ្លាចនូវការសុំទោសប្រជាពលរដ្ឋ ដែលយើងបានរកឃើញថា តម្លៃទឹកប្រើតាំងពីថ្លៃទាប រហូតដល់ថ្ងៃខ្ពស់ ហើយនេះជាការខុសឆ្គងដ៏ធំ ដែលរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការសុំទោស ហើយក៏សង់ត្រឡប់ទៅវិញនូវប្រាក់ទាំងឡាយដែលបានទទួលរួចមកហើយ»។

ក្រៅពីពលរដ្ឋធម្មតា ដែលប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល, កម្មករ កម្មការិនីទាំងអស់ ដោយបូករួមទាំងកម្មករ ក្នុងពិធីសំណេះសំណាល នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា​ បើសិនជាប្រើប្រាស់ទឹកថ្លៃលើស​កាលពីមុន ត្រូវទទួលបង់ត្រឡប់មកវិញ ឬសងត្រឡប់មកវិញដូចគ្នាដែរ។

សូមជម្រាបថា ភ្លាមៗបន្ទាប់ពីមានប្រតិកម្មខ្លាំងៗ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន លើតម្លៃទឹកប្រើប្រាស់នោះ នៅមុននេះ ក្រសួងឧស្សាហកម្ម និងសិ​ប្បកម្ម បានប្រកាសទទួលស្គាល់ពីកំហុសបច្ចេកទេស របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្វើការគណនា និងចេញវិក្កិយបត្រពុំត្រឹមត្រូវ ​បណ្ដាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់ ហើយក្រសួងក៏បានបញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អនុវត្តការគណនាតម្លៃទឹក តាមរបៀបគណនាចាស់ និងសងលុយជូនអតិថិជន ដែលមានផលប៉ះពាល់ទាំងអស់ ជាបន្ទាន់ផងដែរ។
ជាមួយគ្នានោះផងដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលសំណើរពីអតិថិជនជាច្រើន ស្នើឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការកាត់សងនូវប្រាក់ដែលបង់លើស ជាមួយនឹងថ្លៃទឹកប្រើប្រាស់ ក្នុងខេត្តបន្ទាប់។ និយាយឲ្យស្រួលស្ដាប់ មានន័យថា បើសិនជាមុនប្រជាពលរដ្ឋ បានបង់ថ្លៃទឹកលើសរហូតដល់១ម៉ឺនរៀល ដូច្នេះនៅខែបន្ទាប់ ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់សងនៅតាមតម្លៃជាក់ស្ដែង នៃការប្រើប្រាស់ទឹក មិនឲ្យខ្វះខាត ឬបាត់១សែននោះទេ៕ ប្រភព៖ Freshnews