ADB​ ថា​សេដ្ឋកិច្ចកម្ពុជា​ អាច​សម្រេច​បាន​៦,៩ ​ភាគរយ ​ក្នុង​ឆ្នាំ​២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ADB​ ថា​សេដ្ឋកិច្ចកម្ពុជា​ អាច​សម្រេច​បាន​៦,៩ ​ភាគរយ ​ក្នុង​ឆ្នាំ​២០១៨

27/08/2017
ភ្នំពេញ ៖ នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន ត្រឹម៦,៩ ភាគរយនៅឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលធនាគារពិភពលោកបានព្យាករណ៍ កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេច បានកំណើន៧ភាគរយក្នុងរយៈពេលដូចគ្នានេះ។

ថ្លែងនៅក្នុងជំនួបជាមួយ ឯកឧត្តមសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ សីហាកន្លងមកនេះ លោក ក្សាត្រាប៉ាទី ស៊ីវ៉ាជី (Kshratrapati Shivaji) នាយកប្រតិបត្តិ នៃធនាគា ADB បានថ្លែងលើកឡើងថា សេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសស្ថានភាពការរីកចម្រើននៃសេដ្ឋកិច្ច ដែលសម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងរយៈពេល២ទសវត្ស មកនេះ ក្នុងនោះបើតាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងអាចសម្រេចបានប្រមាណ៦,៩% នៅក្នុងឆ្នាំ២០១៨ផងដែរ នេះគឺជាចក្ខុវិស័យចំពោះអនាគតកម្ពុជា ដែលនៅតែសម្រេចបានមានលក្ខណៈវិជ្ជមាន។

លោក បានលើកឡើងទៀតថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាព ក្នុងរង្វង់៧% ក្នុងមួយឆ្នាំៗ និងបានកាត់បន្ថយភាពក្រីក្របានលើស១%ក្នុងមួយឆ្នាំផងដែរ។ ការបន្ត សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បែបនេះ នឹងធ្វើឲ្យចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗ កើនឡើងដល់១.៤៣៤ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ និងអាចរក្សាបានអតិផរណាជាមធ្យមប្រចាំឆ្នាំ ស្ថិតក្នុងរង្វង់៣,៥% ក្នុងមួយឆ្នាំ ។

ឯកឧត្តមសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទាន ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ធនាគារADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ដល់ប្រទេសកម្ពុជាមានទឹកប្រាក់សរុបប្រមាណ២.៥៧៤លាន ដុល្លារអាមេរិក ដែលបានប្រើប្រាស់សម្រាប់ធ្វើការវិនិយោគជាច្រើននៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំនួនទឹកប្រាក់របស់ABD ដែលបានផ្តល់ ត្រូវបានយកមកអភិវឌ្ឍលើវិស័យមួយចំនួន រួមមាន វិស័យកសិកម្ម ធនធានធម្មជាតិ, វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធក្រុង, វិស័យគមនាគមន៍ និងបច្ចេកវិទ្យា ព័ត៌មាន, វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យគ្រប់គ្រងសាធារណៈ, វិស័យអប់រំនឹងបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យថាមពល និងពហុវិស័យ ដែលបានកំពុងចូលរួមចំណែក ដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាពិតប្រាកដ ៕ប្រភព៖ BayonTV