អ្នក​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​បន្ថែម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នក​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​បន្ថែម

27/08/2017
ភ្នំពេញ ៖ អគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានអំពាវនាវឲ្យមានអ្នកវិនិយោគកាន់តែច្រើនថែមទៀតវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ខណៈតំបន់សេដ្ឋកិច្ចនេះកំពុងក្លាយជាតំបន់សេដ្ឋកិច្ច គំរូនិងទទួលបានជោគជ័យមួយនៅកម្ពុជា។

លោកជំទាវឧកញ៉ា លឹម ឈីវហូ អគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចំរើនតំបន់សេដ្ឋកិច្ចពិសេសនេះ ជាសក្ខីភាពបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពជោគជ័យនៃគោលនយោបាយ ឧស្សាហកម្ម២០១៥–២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឱកាសសមស្របសម្រាប់ជួយដល់កម្មករ កម្មការិនី ឱ្យមានការងារធ្វើ និងទទួលបានប្រាក់បៀវត្សសមរម្យ លើកកំពស់ជីវភាពរស់នៅឱ្យបានកាន់តែល្អប្រសើរ។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានវិនិយោគលើ ផ្ទៃដីទំហំ៣៥៧ ហិកតា និងបានបើកដំណើរការចាប់ពីថ្ងៃទី ១ខែ កញ្ញាឆ្នាំ២០០៨។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានសហគ្រាស គ្រឹះស្ថានសរុបចំនួន៩៦ ក្នុងនោះសហគ្រាស គ្រឹះស្ថាន ដែលកំពុងដំណើរការនិងបានចុះបញ្ជី ចំនួន៧២ មានកម្មករនិយោជិក សរុបចំនួន១ម៉ឺន៦ពាន់៦៧២នាក់។

ក្នុងចំណោមសហគ្រាស គ្រឹះស្ថានឯកជន៧២ ដែលកំពុងដំណើរការ មានវិស័យកាត់ដេរ និងផលិតស្បែកជើងចំនួន ៩ មានកម្មករនិយោជិក សរុបចំនួន៤០០៤នាក់ ស្រីចំនួន៣.១៦៨នាក់ និងវិស័យផ្សេងៗចំនួន៦៣ មានកម្មករនិយោជិក សរុប១ម៉ឺន២ពាន់ ៦៦៨នាក់។

កម្មករ និយោជិត ដែលកំពុងធ្វើការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានទទួលប្រាក់ឈ្នួលសមរម្យ ភាគច្រើនប្រសើរជាងប្រាក់ឈ្នួលអប្បបរមា មានសុវត្ថិភាព និងសន្តិសុខការងារល្អ មានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងថែទាំសុខភាព មានកន្លែងស្នាក់នៅនិងមធ្យោបាយធ្វើដំណើរ មានកន្លែងទទួលទានអាហារ ហើយរោងចក្រមួយចំនួនបានផ្តល់អាហារ មួយពេលពីរពេល ឬបីពេល មានផ្សារ មានទីកន្លែងកំសាន្ត និងមានមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈដើម្បីបង្កើតផលិតភាព ។

វិស័យឧស្សាហកម្មកម្ពុជា បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដោយនៅឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ៦៤រោងចក្រតែប៉ុណ្ណោះ ដែលជារោងចក្រកាត់ដេរ ហើយមានកម្មករត្រឹមតែ៨ម៉ឺន២ពាន់នាក់ប៉ុណ្ណោះ ឯតម្លៃនៃការនាំចេញ មានទំហំទឹកប្រាក់ត្រឹមតែចំនួនជាង២០០លានដុល្លារ អាមេរិកតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះកម្ពុជាមាន សហគ្រាសទាំងអស់នៅទូទាំងប្រទេស ដែលចុះបញ្ជីនៅក្រសួងការងារមាន១ម៉ឺន១ពាន់១៦៨រោងចក្រ មានកម្មករ ១លាន១សែន៨ម៉ឺន៧ពាន់២២៧នាក់ ក្នុងនោះគ្របដណ្ដប់ទៅលើស្ត្រី មានចំនួនជាង៨៣ម៉ឺននាក់ ។ ដោយឡែក សម្រាប់តែវិស័យកាត់ដេរមួយបច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ១១០៧រោងចក្រ ដែលគ្របដណ្ដប់កម្មករជាង៧៤ម៉ឺននាក់ ។ រីឯតម្លៃ នៃការនាំចេញបានកើនពីជាង២០០លានដុល្លារ ដល់ជាង៧ពាន់លានដុល្លារអាមេរិក។ បន្ថែមលើការនាំទំនិញដទៃទៀត កម្ពុជាមានលទ្ធភាពអាចនាំចេញ រហូតទៅដល់ប្រមាណជាង១២ពាន់លានដុល្លារអាមេរិក ក្រោយពីប្រទេសកម្ពុជាមានសន្តិភាព ៕ប្រភព៖ BayonTV