ចាប់បានជនសង្ស័យពីរនាក់ឆក់កាបូបជនបរទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់បានជនសង្ស័យពីរនាក់ឆក់កាបូបជនបរទេស

26/08/2017
រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​បរទេស​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​មិន​បាន​សម្រេច ត្រូវ​អ្នក​បើក​រ៉ឺ​ម៉ក​តាម​កៀរ​ឲ្យ​ដួល​ចាប់​បាន​ម្នាក់ និង​សមត្ថកិច្ច​ដេញ​តាម​ឃាត់​បាន​ម្នាក់​ទៀត កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​៣១០​កែង​៥៧ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ជនសង្ស័យ​ទី​១​ជា​អ្នក​ឆក់​មានឈ្មោះ លឹ​ម សុខ​សាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិសុខ​នៅ​បឹង​ត្របែក​ផ្លា​ហ្សា ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ទី​២​មានឈ្មោះ ពិល ឈ្នួល​ដា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​មុខរបរ​ជាងភ្លើង ស្នាក់​នៅ​សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ ។

សាក្សី​ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​មានឈ្មោះ ព្រុំ សុធា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៦៦A សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ឃុំ​ធិ​បតី ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ភ្ញៀវ​ជា​ជនជាតិ​បរទេស​ប្រុស​ស្រី​២​នាក់​ឲ្យ​ដឹក​ទៅ​ម្តុំ​ផ្លូវ​៦៣ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ផ្លូវ​៣១០​កែង​ផ្លូវ​៦៣ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GL-៥៦០២ បើកបរ​តាម​បណ្តោយ​ផ្លូវ​៣១០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ជិះ​ទៅ​ជិត​ធ្វើ​សកម្មភាព​លូកដៃ​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​បរទេស​តែ​ឆក់​មិន​បាន​សម្រេច ភ្លាម​ៗ​នោះ​ដែរ ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ក្លាហាន​ហ៊ាន​កៀរ​ផ្តួល​ម៉ូតូ​ជនសង្ស័យ ហើយ​ឈប់​ម៉ូតូ​ក្របួច​ជាប់​អ្នក​ឆក់ ចំណែកឯ​ម្នាក់​ទៀត ជា​អ្នក​បើក​ម៉ូតូ​រត់គេច​ខ្លួន សំណាងល្អ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១ អន្តរាគមន៍​ឃាត់​បាន​ម្នាក់​ជា​អ្នក​រត់​ឌុ​ប នៅ​ផ្លូវ​៣០៦​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​១ ។

រីឯ​ជនជាតិ​បរទេស​វិញ គាត់​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ បាន​ប្រាប់​ឲ្យ​ឌុ​ប​គាត់​ទៅ​អូ​តែ​លបាត់ រួច​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ទៅ​ធ្វើ​សាក្សី​ឲ្យ​នៅ​ប៉ុស្តិ៍​បឹង​កេងកង​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី ។ ជនសង្ស័យ​ម្នាក់ ជា​អ្នក​ឌុ​ប​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឌុ​ប​គេ​ឆក់​ពិតមែន ហើយ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​ដង​មក​ហើយ ចំណែកឯ​ម្នាក់​ទៀត​វិញ ក៏​បាន​ឆ្លើយ​សារភាព​ប្រាប់​ដែល​ថា ទើបតែ​មួយ​ដង​នឹង​ទេ ។

ក្រោយ​ពេល​កើតហេតុ លោក​មេ​ប៉ុស្តិ៍​បឹង​កេងកង​១ គាត់​បាន​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​ចាប់​បាន​ជនសង្ស័យ​ប្រគល់​ឲ្យ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល ឬ​ឯ​ជនសង្ស័យ​ទាំង​២​នាក់​វិញ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​នីតិវិធី ៕ អត្ថបទ: ទេព វណ្ណះ