រយៈពេល ០​៧​ខែ​រោងចក្រ​បិទទ្វារ មាន​ចំនួន​ច្រើនជាង​រោងចក្រ​បើក​ថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រយៈពេល ០​៧​ខែ​រោងចក្រ​បិទទ្វារ មាន​ចំនួន​ច្រើនជាង​រោងចក្រ​បើក​ថ្មី

23/08/2017
ភ្នំពេញ៖ រយៈពេល៧ខែឆ្នាំនេះចំនួនរោងចក្របិទទ្វារ បានកើនលើសចំនួនរោងចក្រ ដែលបានបើកថ្មីនៅកម្ពុជា ជាសញ្ញាមួយបង្ហាញថា សុខភាពក្នុងវិស័យនេះ មិនល្អប្រសើរនោះទេ។

លោក តោ ដារ៉ារិទ្ឋ មន្ត្រីការងារនិងច្បាប់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ សីហានេះថា គិតត្រឹមដំណាច់ខែកក្កដាកន្លងមកនេះ រោងចក្រកាត់ដេរចំនួន៤៩បានបិទទ្វារ និងមានរោងចក្រថ្មីចំនួន១៨ប៉ុណ្ណោះបានបើកដំណើរការ។ តួលេខនេះយើងនិយាយតែក្នុងក្របខ័ណ្ឌរោងចក្រដែលជាសមាជិកសមាគមកាត់ដេរកម្ពុជាប៉ុណ្ណោះ។ លោកបន្តថា សមាគមរោងចក្រកាត់ដេរបច្ចុប្បន្នមានសមាជិកចំនួន៥៨៨ ក្នុងនោះ រោងចក្រផលិតស្បែកជើង និងកាបូបមានចំនួន៤៨៨ រោងចក្រផលិតស្បែកជើងចំនួន៥៧ និងរោងចក្រផលិតតែមិននាំចេញមានចំនួន៤៣រោងចក្រ។

លោកបន្តថា “វាជាសញ្ញាមិនសូវល្អនោះទេ សម្រាប់វិស័យនេះព្រោះតួលេខបិទមានចំនួនច្រើនជាងរោងចក្របើកថ្មី”។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា លោកបណ្ឌិត កាំង ម៉ូនីកា បានថ្លែងថា ចំនួនរោងចក្របិទច្រើនជាងបើកនេះ និងការដំឡើងប្រាក់ឈ្នួលនិយោជិក ជាសញ្ញាគួរឲ្យបារម្ភហើយ ប៉ុន្តែយើងកំពុងរង់ចាំមើលគោលនយោបាយរបស់រដ្ឋាភិបាលពាក់ព័ន្ធវិស័យកាត់ដេរ និងស្បែកជើងរយៈពេល៨ឆ្នាំថា តើរដ្ឋាភិបាលអាចជួយអ្វីខ្លះសម្រាប់វិស័យនេះ។

រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមរោងចក្រកាត់ដេរកម្ពុជា ភាគីនិយោជក និងតំណាងសហជីពនានាកំពុងព្រាងគោលនយោបាយក្នុងវិស័យវាយនភណ្ឌ ដើម្បីអភិវឌ្ឍន៍វិស័យនេះ ឲ្យមាននិរន្តរភាព និងមានភាពសុខដុមរមនារវាងភាគីនិយោជក និងនិយោជិក៕ប្រភព ៖ BayonTV