រាជរដ្ឋាភិបាល​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋាន​មានតម្លៃ​សមរម្យ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រាជរដ្ឋាភិបាល​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋាន​មានតម្លៃ​សមរម្យ​

23/08/2017
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយថ្មី និងបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន ដែលមានកម្រិតចំណូលមធ្យម និងទាប តាមរយៈការផ្តល់កញ្ចប់លើកទឹកចិត្តដល់វិស័យឯកជន ដើម្បីសង់លំនៅឋានដែលមានតម្លៃសមរម្យ ដែលអាចឱ្យប្រជាជនមានលទ្ធភាពទិញបាន និងមានការងារធ្វើច្បាស់លាស់។

មន្ត្រីជាន់ខ្ពស់នៃក្រុមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានរៀបចំកិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធ និងមានការចូលរួមជាអធិបតីពីឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលដៅ ដើម្បីពិភាក្សាលើសេចក្តីព្រាងឯកសារគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃម្សិលមិញនេះ ដើម្បីពិភាក្សាការងារអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់គោលនយោបាយនេះ គឺឧបករណ៍ថ្មីបន្ថែមមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីព្រាងគោលនយោបាយនេះបានឲ្យដឹងថា គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យនេះ ចំពោះកញ្ចប់លើកទឹកចិត្តនឹងត្រូវផ្តល់ឱ្យវិស័យឯកជន គឺមានភាពទន់ភ្លន់ និងបត់បែន អាស្រ័យទៅលើគម្រោងវិនិយោគនីមួយៗរួមមាន រដ្ឋាភិបាលជួយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ឆ្ពោះទៅតំបន់អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដូចជាជួយតភ្ជាប់បណ្តាញ ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យជាដើម។

ចំពោះ ផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ អារក និងកម្រៃផ្សេងៗមាន ពន្ធប្រថាប់ត្រា ពន្ធលើប្រាក់ចំណេញ ពន្ធលើអចលនទ្រព្យ អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុក ក្នុងនោះ រដ្ឋនឹងជួយសម្រួលនូវនីតិវិធី ក្នុងការទទួលបានអាជ្ញាប័ណ្ណសាងសង់ និងការសម្រួលនូវនីតិវិធីទទួលបានអាជ្ញាប័ណ្ណផងដែរ។

សេចក្តីព្រាងគោលនយោបាយដដែលនេះបានឲ្យដឹងថា គោលនយោបាយនេះ មិនត្រឹមតែចូលរួមចំណែកដល់ការផ្តល់លំនៅឋានក្នុងតម្លៃសមរម្យសម្រាប់គ្រួសារដែលមានចំណូលមធ្យម និងទាបនោះទេ ថែមទាំងលើកកម្ពស់សុវត្ថិភាពនៃការកាន់កាប់លំនៅឋាន ពង្រឹងគុណភាពលំនៅឋាន និងបង្កើនការទទួលបានគេហសេវា ដូចជា ទឹកស្អាត អគ្គិសនី និងសេវាសង្គមនានា គឺស្របពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំបង្កើនប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត និងប្រាក់បៀវត្សរ៍មន្ត្រីរាជការ គ្រូបង្រៀន ទាហាន និងប៉ូលិស ការគិតគូរអំពីកម្មវិធីលំនៅឋាន គឺជាកាលានុវត្តនភាពមួយសម្រាប់ផ្តល់លំនៅដ្ឋានតម្លៃសមរម្យជូនដល់ពួកគាត់ ពិសេសសម្រាប់យុវជនដែលមានសក្កានុពល តាមរយៈការដាក់ចេញនូវក្របខណ្ឌការងារអភិវឌ្ឍលំនៅឋានថ្មីៗ ។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប៉ាន់ស្មានថា គិតពីបច្ចុប្បន្នរហូតដល់ឆ្នាំ២០៣០ កម្ពុជាមានតម្រូវការលំនៅឋានថ្មី ប្រមាណជាង៨ម៉ឺនខ្នងជារៀងរាល់ឆ្នាំ ដោយមិនរាប់រាប់បញ្ចូលកង្វះលំនៅឋាននាពេលបច្ចុប្បន្ន៕ប្រភព ៖ BayonTV