ដឹក​ដែក​លើស​ចំណុះ​បះ​ហើប​កង់​មុខ ធ្លាក់​ដែក​ពេញ​ផ្លូវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដឹក​ដែក​លើស​ចំណុះ​បះ​ហើប​កង់​មុខ ធ្លាក់​ដែក​ពេញ​ផ្លូវ

25/08/2017
រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​បាន​ដឹក​ដែក​វែង​ៗ និង​លើស​ទម្ងន់​កំណត់​បណ្ដាល​ឲ្យ​បះ​ហើប​កង់​មុខ និង​ធ្លាក់​ដែក​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​យ៉ាង​ខ្លាំង​ផង​ដែរ ព្រោះ​រថយន្ត​នោះ​ស្ថិត​នៅ​ទទឹង​ផ្លូវ​តែ​ម្ដង​។ ក្រោយមក​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន រថយន្ត​ដឹក​ដែក​នោះ​នាំ​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច លើកយក​ដែក​ចេញពី​ផ្លូវ និង​បើករថយន្ត​នោះ​ដាក់​អែប​កៀន​ខាង ចំណែក​នគរបាល​ក៏​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​ត្រង់​ចំណុច​នោះ​ភ្លាម​ៗ​ដែរ ទើប​ចរាចរណ៍​មានការ​ធូរស្រាល​ឡើង​វិញ ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​បាន​ធ្វើ​ឲ្យ​អ្នកដំណើរ ភិតភ័យ​ព្រលឹង​ចុង​សក់ តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ឡើយ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​ច្រកចូល​រោងចក្រ​ដំបូល​ខៀវ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រថយន្ត​ដឹក​ដែល​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​នោះ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3804 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ ហើយ​អ្នកខ្លះ​បាន​និយាយ​ថា​រថយន្ត​ដឹក​ដែក​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នកដំណើរ​តាម​ផ្លូវ​នេះ គឺជា​របស់​ក្រុមហ៊ុន លក់​ដែក​គ្រឿងសំណង់ អាយ អេស អាយ​《ISI》​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​១​គ្រឿង​នោះ ដឹក​ដែក​ទម្ងន់​រាប់​តោន​ហើយ​ម្យ៉ាងទៀត​ដែក​សុទ្ធតែ​វែង​ៗ​ប្រវែង​ជាង​១០​ម៉​ត្រ​ឯណោះ ដែល​វា​វែង​ជាង​ទ្រុង​រថយន្ត​ទៅ​ទៀត ហើយ​រថយន្ត​នោះ​បាន​បើកបរ​ធ្វើ​ដំណើរ តាម​ផ្លូវ​រោងចក្រ​ដំបូល​ខៀវ សំដៅ​ឡើង​ទៅ​កាន់​ផ្លូវ​វេ​ង​ស្រេង​។

ក្នុង​ខណៈនោះ​ដោយសារ​តែ​ផ្ទុក​ធ្ងន់​លើស​ចំណុះ ម្យ៉ាង​ដែក​វែង​ផង​នោះ​នៅ​ពេល​កំពុង​បើកបរ​គេ​បានឃើញ​កង់​មុខ​រថយន្ត​ហើប​ៗ​មិនសូវ​ជាប់​ថ្នល់​ឡើយ មិនតែប៉ុណ្ណោះ​អ្នកបើកបរ​ក៏​បើក​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា លុះ​ពេល​ឡើង​ដល់​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ក៏​ស្រាប់តែ​បះ​ហើប​កង់​មុខ​ឡើង​លើ​នៅ​កាត់​ទទឹង​ផ្លូវ​វេ​ង​ស្រេង​នោះ និង​ធ្លាក់​ដែក​រាយ​ប៉ាយ​ពេញ​ផ្លូវ​បង្ក​ឲ្យ​កកស្ទះ​ចរាចរ​យ៉ាង​ខ្លាំង ព្រោះ​ចំ​ពេល​ចរាចរណ៍​កំពុង​មមាញឹក ជា​ពិសេស​ចំ​ពេល​ដែល​មន្ត្រីរាជការ និង​កម្មករ តាម​បណ្ដា​ស្ថាប័ន​ក្រសួង​មន្ទីរ​នានា​ចេញពី​ធ្វើការ ហើយ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​ផង​។​ភ្លាម​នោះ​នគរបាល​បាន​ចុះ​ទៅ​កាន់​ទីនោះ និង​បាន​ឲ្យ​តំណាង​ក្រុមហ៊ុន​លក់​ដែក​នោះ​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​ដែក​ដែល​ធ្លាក់​ចេញពី​ក្នុង​រថយន្ត​មក​លើ​ផ្លូវ​ចេញ ព្រមទាំង​បើករថយន្ត​ដឹក​ដែក​នោះ​អែប​ខាង ទើប​អាច​សម្រួល​ចរាចរណ៍​លែង​មានការ​កកស្ទះ ហើយ​ជា​សំណាង​ណាស់​ដែល​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុការណ៍​នោះ​ឡើយ​។

រថយន្ត​បង្ក​នោះ​មិន​ត្រូវ​បាន​នគរបាល​ឃាត់​យក​ទៅ​រក្សា​ទុក​នោះ​ទេ ព្រោះ​យល់​ថា មិន​មានការ​ប៉ះពាល់ ឬ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ប៉ុន្តែ​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា កា​ដឹក​បែប​នេះ​វា​បាន​ខុស​លក្ខណៈ​បច្ចេកទេស ខុស​នឹង​ច្បាប់​ចរាចរណ៍ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​គ្រប់ពេល​បាន ថ្ងៃនេះ​មិន​អី​តែ​ថ្ងៃក្រោយ​គង់តែ​មាន​បញ្ហា​មិន​ខាន​។ ដូច្នេះ​នគរបាល​គួរតែ​ឃាត់​រថយន្ត​នេះ​នាំ​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​ក៏​ដូច​ជា​ម្ចាស់​ក្រុមហ៊ុន​ខាងលើ ឲ្យ​ចេះ​គោរព​ច្បាប់ និង​ផល​ប៉ះពាល់​នានា​ដល់​អ្នក​ដទៃ​ផង ជា​ពិសេស​គោរព​ច្បាប់​ចរាចរណ៍​ដូច​ជា​អ្នក​ដទៃ​ទូទៅ​ផង​ដែរ​៕ អត្ថបទ: ទេព វណ្ណះ