សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ប្រតិភូ​ក្រសួងមហាផ្ទៃ​ថៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ប្រតិភូ​ក្រសួងមហាផ្ទៃ​ថៃ

24/08/2017
ភ្នំពេញ៖ រសៀលថ្ងៃនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប ឯកឧត្ដម នាយឧត្ដមសេនីយ៍ អានុភុង ផៅចិន្តា (Anupong Paochinda) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ នៅវិមានសន្តិភាព ខណៈឯកឧត្ដមដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ដោយមានការចូលរួមពីអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរផងនោះ។

ក្រោយជំនួបបញ្ចប់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងឱ្យដឹង សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ ពាក់ព័ន្ធនឹង ស្ទឹងមេទឹក នៅខេត្តកោះកុង កម្ពុជា ដោយឥឡូវនេះ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាព ជាគោលការណ៍ហើយ នៅក្នុងការសហការ ជាមួយថៃ ដើម្បីធ្វើវារីអគ្គិសនីនៅស្ទឹងមេទឹក ហើយក្នុងគម្រោងនេះ សម្ដេចបានស្នើថា ដោយនៅតាមព្រំដែនរវាងប្រទេសទាំងពីរ តំបន់ខ្លះកម្ពុជា មានទឹក ថៃអត់ទឹក, នៅតំបន់ខ្លះ កម្ពុជាអត់ទឹក, ថៃមានទឹក ដូច្នេះសម្ដេចស្នើឱ្យមានការចែករម្លែកទឹកទៅវិញទៅមក រវាងប្រទេសទាំងពីរ។

ម្យ៉ាងទៀត នៅក្នុងការវិនិយោគនេះ ទាមទារឱ្យមានការសហការដើម្បីទទួលផល ហេតុដូច្នេះ សម្ដេច បានស្នើថា នៅពេលប្រជុំគណៈរដ្ឋមន្ត្រីរួមកម្ពុជាថៃ នាពេលខាងមុខ នឹងអនុម័ត ទៅលើគម្រោងនេះ។

ចំណុចទី២ សម្ដេចតេជោ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាំងពីរប្រទេស ពិនិត្យមើលទៅលើកិច្ចសហការ លើការសង្គ្រោះបន្ទាន់ ជុំវិញគ្រោះ មហន្តរាយ នៅតំបន់ព្រំប្រទល់ នៃប្រទេសទាំងពីរ ហើយអ្វីដែលសំខាន់គឺប្រជាជនដែលរស់នៅតំបន់ ព្រំដែនប្រទេសទាំងពីរ ដែលជួបហានិភ័យ ឬគ្រោះ ធម្មជាតិផ្សេងៗ។

ចំណុចទី៣ សម្ដេចតេជោ បានលើកអំពី ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដោយសារបច្ចុប្បន្ននេះ ការនាំចូលពីប្រទេសថៃ មកកម្ពុជា មាន៥ដង ច្រើនជាងការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ ដូច្នេះសម្ដេចស្នើសុំឱ្យ ថៃបង្កើនការនាំចូលកសិផលកម្ពុជា ទៅកាន់ប្រទេសថៃ ជាពិសេសជំរុញឱ្យមានការប្រមូលទិញ កសិផលខ្មែរឱ្យបានច្រើនពីកម្ពុជាចូលទៅ ប្រទេសថៃឱ្យបាន ច្រើនជាងមុន។

ចំណុចមួយទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងនូវការអញ្ជើញ ជាផ្លូវការ ដល់ឯកឧត្ដម ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមរវាងប្រទេសទាំងពីរ នាពេលខាង មុខនេះ ដែលនៅពេលនោះ សម្ដេចមានផែនការ សម្ពោធ សួនច្បារមិត្តភាពកម្ពុជា–ថៃ ដែល សួនច្បារនេះមានបណ្ដោយ ចាប់ពីវត្តភ្នំ មកដល់វិមានសន្តិភាព ។

ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានកោតសរសើរចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងគម្រោងស្ទឹងមេទឹក ថាជាគម្រោងល្អ និងមានសន្ដានចិត្តល្អ ដែលអាចចែករម្លែកទឹកដល់ថៃ ហើយថៃនៅតំបន់ផ្សេងទៀត ក៏អាចចែករម្លែកទឹកដល់កម្ពុជាវិញដែរ និងជាគម្រោងដ៏ល្អដើម្បីជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយឯកឧត្ដម នឹងរាយការណ៍បញ្ហានេះជូនទៅឯកឧត្ដម នាយករដ្ឋមន្ត្រីថៃ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏យល់ស្របនឹងគំនិតរបស់សម្ដេចតេជោផងដែរ ក្នុងការបង្កើនកិច្ចសហការ រវាងប្រទេសទាំងពីរ លើការងារសង្គ្រោះបន្ទាន់ ចំពោះប្រជាពលរដ្ឋ នៅតាមព្រំដែន ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏បានឆ្លើយ តប ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដែរ ពាក់ព័ន្ធ នឹងការបង្កើនការទិញ កសិផលខ្មែរទៀត ហើយលោកពិតជាយល់ ចំពោះការលំបាករបស់កសិករខ្មែរ ដែលមានតម្រូវការនាំ ចេញកសិផល ឱ្យបានច្រើនទៅកាន់ប្រទេសថៃ ហើយបញ្ហានេះនឹងត្រូវយកទៅពិភាក្សានៅផ្ទៃក្នុងថៃ ។ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏នឹងនាំយកការអញ្ជើញ របស់សម្ដេចតេជោ ជូន ឯកឧត្ដម ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីរួម នៅកម្ពុជា នាពេលខាងមុខនេះផងដែរ៕