កម្លាំង​ត្រៀម​ទ័ព​ជើងទឹក​ជាង​២៦០​រូប​ បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​សង្គ្រោះ​គ្រោះ​មហន្តរាយ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្លាំង​ត្រៀម​ទ័ព​ជើងទឹក​ជាង​២៦០​រូប​ បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​សង្គ្រោះ​គ្រោះ​មហន្តរាយ​

22/08/2017
ភ្នំពេញ៖ កងកម្លាំងត្រៀមនៃកងទ័ពជើងទឹកជាង២៦០រូប នៅថ្ងៃទី២១ ខែសីហា បានបញ្ចប់វគ្គលំហាត់ហ្វឹកហ្វឺនសង្គ្រោះមហន្តរាយ ដើម្បីត្រៀមជួយប្រជាពលរដ្ឋដែលនឹងជួបការរងគ្រោះដោយសារទឹកជំនន់នៅពេលខាងមុខនេះ។

ក្នុងឱកាសបិទវគ្គលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ នៅបញ្ជាការដ្ឋានទ័ពជើងទឹក រាជធានីភ្នំពេញ ឯកឧត្ដមនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទថ្លែងថា អស់រយៈពេលជាង ៤៥ថ្ងៃមកហើយ ដែលកងកម្លាំងទ័ពជើងទឹក បានធ្វើលំហាត់ហ្វឹកហ្វឺនលើផ្នែក វិន័យ លំហាត់បច្ចេកទេសប្រើប្រាស់ និងការថែរក្សារថយន្តសង្គ្រោះ អូរប័រ នាវា និងសម្ភារៈយោធាមួយចំនួនទៀត ព្រមទាំងធ្វើលំហាត់ហែលទឹកសង្គ្រោះ និងវិធានការចាត់តាំងនានាទៀត។

ឯកឧត្តម បញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយឆ្នាំនេះ បញ្ជាការដ្ឋានទ័ពជើងទឹក បានប្រើប្រាស់សម្ភារៈយោធាតិចជាងមុន ខណៈសម្ភារៈយោធាមួយចំនួនធំ មានអូប័រ នាវា រថយន្តសង្គ្រោះមួយភាគធំបានបញ្ជូនទៅត្រៀមសង្គ្រោះគ្រោះមហន្តរាយនៅខេត្តស្ទឹងត្រែង។

ឯកឧត្ដម ទៀ វិញ បញ្ជាក់ថា បន្ទាប់ពីបានធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះមហន្តរាយនេះ មកដល់ពេលនេះ បញ្ជាការដ្ឋានទ័ពជើងទឹកមានកំលាំងគ្រប់គ្រាន់ និងសមត្ថភាព ដើម្បីត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយ ដែលនឹងអាចកើតមានខាងមុខ ហើយកងកម្លាំងទ័ពជើងទឹករងចាំបទបញ្ជា ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដើម្បីចុះបំពេញបេសកកម្មសង្គ្រោះមហន្តរាយនានាដើម្បីសង្គ្រោះប្រជាពលរដ្ឋជួបការរងគ្រោះនានាដោយសារកត្តាធម្មជាតិ កត្តានានាទៀត៕ ប្រភព៖ BayonTV