រាជធានីភ្នំពេញ ៖ មិត្តអ្នកអាននៅចាំបានទេ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានព័ត៌មានជាច្រើនបានចុះផ្សាយថា មិនដឹងសមត្ថកិច្ចខាងណាទេ ទារលុយកន្លែងដាក់ហ្គេមមិនបាន ដកកាំភ្លើងបាញ់ត្រូវស្ត្រីពោះធំម្នាក់ដើរតាមផ្លូវបណ្តាលឲ្យធ្លាយពោះទាំងកណ្តាលអាធ្រាត្រ ឥឡូវត្រូវបានទម្លាយរឿងពិតហើយ។ ជនសង្ស័យពាក់ព័ន្ធករណីបាញ់ស្ត្រី ធ្លាយពោះខាងលើ ដែលសាធារណៈជន កំពុងរង់ចាំមើលមូលហេតុពិត អស់ពេលមួយសប្តាហ៍មកហើយនោះ ត្រូវបានកម្លាំងអាវុធហត្ថបើកប្រតិបត្តិការ តាមបង្ក្រាប និងឃាត់ខ្លួនបាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ដំបូងឡើយ ក្រោយពេលកើតហេតុនៅវេលាម៉ោង០២ និង៣០នាទីរំលោងអាធ្រាតឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធនៅចំណុចផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បណ្តាលឲ្យរបួសស្ត្រីម្នាក់ ដែលដំបូងឡើយព័ត៌មានផ្សាយថាគាត់ជាស្ត្រីមានផ្ទៃពោះ តែការពិតគឺមិនមានទេព្រោះគាត់ជាស្ត្រីមេម៉ាយកូន២ ហើយជនសង្ស័យត្រូវបានគេចោទប្រកាន់ថាជាកម្លាំងមានសមត្ថកិច្ច។ ភ្លាមៗនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់តាមដាន និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអាវុធហត្ថពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាតាមចាប់ជនដៃដល់ឲ្យខាងតែបាន។ បន្ទាប់មក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសហការណ៍ជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការតាមប្រមាញ់ជនសង្ស័យប្រកិតៗក្នុងរាជធានីភ្នំពេញ រហូតដល់ជនសង្ស័យរត់គេចទៅសម្ងំលាក់ខ្លួនតាមបណ្តាខេត្តវិញ។
លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងស្នងការដ្ឋានយុត្តធម៌នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវកំណត់មុខសញ្ញាថា ជនសង្ស័យទៅលាក់ខ្លួននៅខេត្តកំពង់ចាម ក៏បានចេញទៅសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ធ្វើការ តាមបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម វេលាម៉ោង១១ និង៣០នាទីព្រឹក ខណៈពេលរូបគេកំពុងជិះម៉ូតូតាមផ្លូវ។ តាមការស្តាប់ចម្លើយ ជនសង្ស័យមានឈ្មោះ ប៊ូ យូហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត និងបច្ចុប្បន្នស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
នៅថ្ងៃកើតហេតុ ជនសង្ស័យបានឃើញមានកន្លែងហ្គេមទើបបើកថ្មី ក៏បានចូលទៅសម្លុតជម្រិតទារលុយពីអ្នកមើលការខុសត្រូវចំនួន៥ពាន់រៀល ដោយរូបគេមានក្រវាត់អាយឌី និងកាំភ្លើងខ្លីមួយដើមនៅចង្កេះ តែពេលនោះអ្នកមើលការខុសត្រូវមិនព្រមឲ្យលុយគ្រប់តាមការទាមទារ គឺឲ្យតែ៣ពាន់រៀលក៏មានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នារហូតដល់ជនសង្ស័យបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់គំរាមក្រុមអ្នកមើលការខុសត្រូវហ្គេម មួយគ្រាប់បណ្តាលឲ្យត្រូវ ស្ត្រីម្នាក់ដើរតាមផ្លូវ ហើយក្រុមមើលការខុសត្រូវហ្គេម ក៏បានស្ទុះទៅចាប់ និងប្រតាយប្រតប់ជាមួយជនសង្ស័យ រហូតធ្លាក់អាយឌី និងកាំភ្លើងខ្លី ទើបជនសង្ស័យរត់ឡើងលើម៉ូតូ បើកគេចខ្លួនតែម្តង ជនសង្ស័យបានបញ្ជាក់ថា៖
កាំភ្លើងខ្លីដែលរូបគេប្រើ គឺបានទិញតាមផ្លូវនៅចំណុចការ៉ាសសាំងតេលា ផ្លូវនរោត្តម គល់ស្ពានមុន្នីវង្ស ក្នុងតម្លៃ៤៧០ដុល្លារអាមេរិក ពីជនមិនស្គាល់ឈ្មោះម្នាក់ តាមរយៈការណែនាំតៗគ្នាពីអ្នកធ្លាប់ស្គាល់ ក្នុងអំឡុងឆ្នាំ២០១៤ ដែលបច្ចុប្បន្នកំពុងត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត រីឯជនសង្ស័យ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕
