(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាត់ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ បានចេញដីកាបង្គាប់ឲ្យឃុំខ្លូនបុគ្គលិកផ្នែកទីផ្សារ និងគ្រប់គ្រងការផលិតកាតអេធីអឹមរបស់ធនាគារអេស៊ីលីដា ដាក់ពន្ធនាគារ បន្ទាប់ពីជននេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួន រឿងលួចដកលុយចេញពីម៉ាស៊ីន អេធីអឹមអស់ជិត ១០ម៉ឺនដុល្លារ។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺវណ្ណនី ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ បានសម្រេចចោទប្រកាន់លើឈ្មោះ លាង សារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ពីបទលួចពាក់ព័ន្ធករណីលួចប្រាក់ចំនួន១០ម៉ឺនដុល្លារពីធនាគារតាមរយៈកាតអេធីអឹម។
ជនជាប់ចោទឈ្មោះ លាង សារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជាបុគ្គលិកផ្នែកទីផ្សារ និងគ្រប់គ្រងការផលិតកាតអេធីអឹម របស់ធនាគារអេស៊ីលីដា មានទីតាំងធំនៅក្បែរក្រសួងព័ត៌មាន ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លាង សារ៉ា ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកស្រី ស៊ឺ វណ្ណនី សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងធនាគារអេស៊ីលីដា។ ក្រោយឃាត់ខ្លួន នៅថ្ងៃទី៣១ ខែសីហា នគរបាលបានបញ្ជូនមកសាលាដំបូង ប្រគល់ខ្លួនជនសង្ស័យឱ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។
មន្រ្តីនគរបាលបានឲ្យដឹងថា ពាក់ព័ន្ធករណីលួចប្រាក់ច្រើនសន្ធឹកសន្ធាប់ពីអេស៊ីលីដានេះ ផ្តើមឡើងកាលពីអំឡុងឆ្នាំ២០១២ កន្លងទៅ ឈ្មោះ លាង សារ៉ា មានតួនាទីជាមន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យ លេខកូដសម្ងាត់កាតអេធីអឹម របស់ធនាគារអេស៊ីលីដា។ ក្នុងតួនាទីនេះជនសង្ស័យបានលួចផលិតកាតអេធីអឹមមួយផ្ទាល់ខ្លួន ដើម្បីលួចដកប្រាក់ពីទូអេធីអឹមរបស់ធនាគារអេស៊ីលីដា បន្តិចម្ដងៗរាប់ឆ្នាំមកហើយ។
រហូតមកដល់ពេលនេះ បាត់បង់ប្រាក់ច្រើនពេក ទើបផ្នែកជំនាញបានតាមដានការប្រើប្រាស់លេខកូដអេធីអឹម របស់បុគ្គលិកធនាគារផ្ទាល់ ទើបរកឃើញថា ឈ្មោះ លាង សារ៉ា បានប្រើលេខកូដពិសេសក្នុងការលួចដកប្រាក់ពីធនាគារ ហើយក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចចាត់ការតាមនីតិវិធីតាមច្បាប់។
សូមបញ្ជាក់ថា បន្ទាប់ពីអតិថិជនរបស់ធនាគារអេស៉ីលីដា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះរអ៊ូរទាំមកកាន់ Fresh News ថា ការដកប្រាក់នៅធនាគារនេះ មានបញ្ហាមិនអាចដកបាននោះ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា បានចេញមកបកស្រាយ តាមរយៈបណ្តាញព័ត៌មានថា តាមពិតទៅប្រតិបត្តិការបម្រើសេវាដាក់ ឬដកប្រាក់ជូនអតិថិជន នៅធនាគារអេស៉ីលីដា គឺដំណើរការដូចធម្មតា ប៉ុន្តែគ្រាន់តែមានលក្ខណៈយឺតយ៉ាវជាងមុន ដោយសារតែធនាគារបាន និងកំពុង Update System ថ្មី។
លោក អ៉ិន ចាន់នី បានពន្យល់ថា រៀងរាល់ពីរឆ្នាំម្តង ធនាគារអេស៉ីលីដា តែងតែ Update System របស់ធនាគារថ្មី ហើយឆ្នាំនេះ គឺធនាគារចង់ប្រើប្រាស់ System ថ្មីនេះ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌមកដល់ ទើបធានាគារសម្រេចផ្លាស់ប្តូរមុនថ្ងៃទី៣១ ខែសីហានេះ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ទើប System ថ្មី មិនអាចរួចរាល់ដូចការកំណត់ ដោយបានបន្លាយរហូតមកដល់ព្រឹកនេះ។
ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិរូបនេះ ក៏បានថ្លែងនូវការសូមទោស ចំពោះដំណើរការយឺតយ៉ាវ ក្នុងការបម្រើសេវាដក ឬដាក់ប្រាក់ជូនអតិថិជន ក្នុងពេលកំពុង Update System ថ្មីនេះ ប៉ុន្តែលោកអះអាងថា យ៉ាងយូររសៀលថ្ងៃនេះ ឬយប់នេះ ការងារ Update System ថ្មីនឹងត្រូវបញ្ចប់ ហើយអាចបម្រើសេវាជូនអតិថិជនរហ័សដូចពេលមុន៕
ប្រភព៖ Fresh News