សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ ​របស់​ជប៉ុន​ចូល​ជួប​សំដែង​ការគួរសម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ ​របស់​ជប៉ុន​ចូល​ជួប​សំដែង​ការគួរសម

07/08/2017
ភ្នំពេញ៖ ក្នុងឱកាសនៃការស្នាក់អាស្រ័យ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន៤ របស់ប្រទេសជប៉ុន អញ្ជើញចូលជួបសំដែងការគួរសមដាច់ដោយឡែកៗពីគ្នា។

ក្រុមហ៊ុនទាំងបួនោះរួមមានទី១ ក្រុមហ៊ុនដេនសូ ខេមបូឌា ទី២ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ទី៣ធនាគារមីហ្សឺណូ និងទី៤ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី។ នៅក្នុងជំនួបសម្រាប់ក្រុមហ៊ុនទី១ដែលមានឈ្មោះថា ក្រុមហ៊ុនដេនសូ ខេមបូឌា តំណាងក្រុមហ៊ុនបានមានប្រសាសន៍ជំរាបសម្តេចតេជោថា បច្ចុប្បន្នក្រុមហ៊ុនដេនសូមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ហើយក្រុមហ៊ុននេះភាគច្រើនពាក់ព័ន្ធនឹងគ្រឿងបង្គំរបស់រថយន្តធន់ធ្ងន់ ដែលបច្ចុប្បន្នមានបុគ្គលិកខ្មែរចំនួនជាង២០០នាក់ ហើយនៅឆ្នាំ២០១៨ខាងមុខក្រុមហ៊ុន នឹងបង្កើនផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសជួយពង្រឹងផលិតសមត្ថិភាពបុគ្គលិកពាក់ព័ន្ធនឹងបច្ចេកវិទ្យា។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនដេនសូ ក៏បានជម្រាបសម្តេចតេជោថា នៅឆ្នាំ២០១៨ក្រុមហ៊ុនរបស់លោកនឹងបង្កើតទីតាំងថ្មី១ទៀត។ ក្នុងឱកាសនេះខាងក្រុមហ៊ុនក៏បានស្នើសុំសម្តេចតេជោចំនួន៣ចំណុច ទី១.ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យានេះគឺខាងក្រុមហ៊ុនរបស់លោកនឹងជួយប៉ុន្តែស្នើសុំការជួយពីស្ថាប័នរដ្ឋ ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទី២ ប្រព័ន្ធដឹកជញ្ជូនស្នើសុំអោយរៀបចំអោយបានល្អ និងទី៣ ប្រព័ន្ធពន្ធគយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ខាងក្រុមហ៊ុនជប៉ុនដែលបានរាយការជូនសម្តេច និងបានខិតខំជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា។

បន្ទាប់មកទៀតសម្តេចតេជោក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ ខាងក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ បានជំរាបសម្តេចតេជោថា ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ជំហានទី១ បានយកជនជាតិខ្មែរចំនួនប្រមាណជាង៣រយនាក់បំពេញការងារ បន្ទាប់មកបានយកជនជាតិខ្មែរបំរើការងាររហូតដល់ជាង១ពាន់នាក់ ហើយជំហានទី២នឹងបង្កើនរហូតដល់ជាង២ពាន់នាក់។

តំណាង ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូបន្តថា ដោយសារក្រុមហ៊ុនរបស់លោកមានរោងចក្ររថយន្តនៅប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃផងនោះ គឺមានការដឹកឆ្លងកាត់តំបន់ព្រំដែន ដូច្នេះក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបន្តពង្រឹងនៃការងារ។ សម្តេចតេជោគាំទ្រ ហើយថានឹងលើកយកបញ្ហានេះមកជជែកពិភាក្សា។

បន្ទាប់មកទៀតសម្តេចតេជោនាយករដ្ឋមន្ត្រីក៏ បានអនុញ្ញាតអោយធនាគារមីហ្សឺណូ ចូលជួបពិភាក្សាការងារ។ នៅក្នុងជំនួបនេះ ភាគីខាងជប៉ុនបានថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្តល់ឱកាសអោយខាងធនាគារមីហ្សឺណូបើកការិយាល័យធនាគារនៅកម្ពុជា។ ខាងធនាគារគឺបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសក្កានុពលវិនិយោគ។សម្តេចតេជោបានថ្លែងអំណរគុណដល់ធនាគារមីហ្សឺណូដែលបានបង្កើតសាខានៅប្រទេសកម្ពុជាព្រោះការបើកសាខានេះគឺបង្ហាញពីជំនឿនយោបាយនិងសេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា។

បន្ទាប់មកទៀតសម្តេចតេជោបានអនុញ្ញាតអោយក្រុមហ៊ុនទី៤គឺក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីចូលជួប។ នៅក្នុងជំនួបនេះខាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបានជំរាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកមានភាពសប្បាយរីករាយដែលបានសម្តេចអនុញ្ញាតជួបពិភាក្សាការងារហើយបានគោរពរាយការណ៍ជូនសម្តេចថា កន្លងមកក្រុមហ៊ុនរបស់លោកបានបង្កើតរោងចក្រចំនួន៣នៅកម្ពុជា។

សម្តេចតេជោ បានឆ្លើយតបថា មិនថាក្រុមហ៊ុនតូចរឺធំទេគឺកម្ពុជាទាក់ទាញយកទៅវិនិយោគទាំងអស់ជាក់ស្តែងដូចជាប្រវត្តិសម្តេចផ្ទាល់គឺចាប់ផ្តើមតាំងពីជីវិតក្មេងវត្តខិតខំប្រឹងរហូតដល់បច្ចុប្បន្ន។តំណាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីពាក់ព័ន្ធវិស័យអគ្គិសនីដែលបានចុះកិច្ចព្រមព្រៀងជាមួយ EDC ក្នុងការផ្តល់អគ្គសនីគ្រប់គ្រាន់និងតម្លៃថោក។ ក្នុងជំនួបនេះ សម្តេច ក៏បានស្នើអោយក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីជួយបន្តបណ្ដុះបណ្ដាលធនធានមនុស្ស៕