សៀមរាប ៖ ឆ្នាំ២០១៨ ខាងមុននេះ ជប៉ុននឹងបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវ ទេសចរ ជប៉ុនទៅទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា និងដើម្បីចំណងមិត្តភាពកាន់តែជិត ស្និត។
បន្ទាប់ពីទទួលជួបជាមួយក្រុមហ៊ុនចំនួន៤របស់ជប៉ុន ថ្ងៃទី០៧សីហា ហើយមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទទួលជួបជាមួយប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុន។នៅក្នុងជំនួប នេះសម្តេចតេជោ នាយករដ្ឋមន្ត្រីបានបង្ហាញភាពសប្បាយរីករាយដែលបានជួបជាមួយប្រតិភូសមាគមមិត្តភាពសភាមេគង្គ ជប៉ុន ។
ឯកឧត្តមប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានមានប្រសាសន៍ថា ឯកឧត្តម និងគណៈប្រតិភូពិតជារីករាយណាស់ដែរសម្តេចបានអនុញ្ញាតអោយចូលជួបសំដែងការគួរសមជាថ្មីម្តងទៀត និងសូមស្វាគមន៍សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
ឯកឧត្តមប្រធានសមាគម បានរំលឹកថា ឯកឧត្តមប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានជួបជាមួយសម្តេចកាលពី២ឆ្នាំមុន កាលនោះបានរាយការណ៍ជូន សម្តេចថា នៅខែមករាឆ្នាំ២០១៧ឯកឧត្តម និងសមាជិក៤រូបទៀតបានទៅបំពេញទស្សនកិច្ចនៅកម្ពុជា ហើយក៏បានជួបជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា រួមទាំងបានជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្តេច។
ឯកឧត្តមប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុន បានមានប្រសាសន៍បន្តថា កាលទៅបំពេញទស្សនកិច្ចនោះ គណៈប្រតិភូជប៉ុនបានទទួលស្គាល់នូវសារៈសំខាន់នូវរបៀងសេដ្ឋកិច្ចដែលផ្សារភ្ជាប់ប្រទេសថៃ និងវៀតណាម តាមរយៈស្ពានអ្នកលឿង។
ឯកឧត្តម បានមានប្រសាសន៍ថា ជប៉ុនបានគាំទ្រកម្ពុជា ហើយបានជួបជាមួយនិស្សិតកម្ពុជាដែលរៀននៅប្រទេសជប៉ុន ហើយឆ្នាំ២០១៨ខាងមុននេះ ជប៉ុននឹងត្រៀមបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីបង្ករភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរណ៍ជប៉ុនទៅទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា និងដើម្បីចំណងមិត្តភាពកាន់តែជិតស្និត។
ជាមួយគ្នានេះឯកឧត្តម ស្នើអោយសម្តេចតេជោ នាយករដ្ឋមន្ត្រីជួយការងារទំនាក់ទំនងក្នុងក្របខ័ណ្ឌអាស៊ានជប៉ុន គឺភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះជប៉ុនដែលបានបង្កើតសមាគម មេគង្គ ជប៉ុន សម្តេច ក៏បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពមេគង្គជប៉ុននេះគឺមិនអាចកាត់ផ្តាច់បានឡើយពីទំនាក់ទំនងអាស៊ានបានឡើយ ដោយសារប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នុងអាស៊ាននេះគឺប្រទេសមេគង្គនេះតែម្តង។
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអញ្ជើញឯកឧត្តម ប្រធានសមាគមសភាមេគង្គជប៉ុនទៅបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរនាពេលខាងមុខ៕
