អាចម៌រុយជាស្នាមអុចៗរាងមូល ពណ៌ត្នោតដែលមានរូបរាង និងទំហំខុសៗគ្នា។ អ្នកណាៗក៏ដោយក៏អាចកើតអាចម៌រុយនេះបានដែរ ហើយសមាគមន៍វេជ្ជបណ្ឌិតផ្នែកសើស្បែកអាមេរិចបានបង្ហាញឱ្យឃើញថា ទាំងនេះជាសញ្ញានៃការខូចស្បែក តែមិនធ្ងន់ធ្ងរឡើយ។ អាចម៌រុយទាំងនេះជាលទ្ធផលនៃការប៉ះទង្គិចនឹងកម្តៅព្រះអាទិត្យ ផលប៉ះពាល់ពីបរិស្ថាន និងអសមតុល្យអរម៉ូន។ ហើយវាក៏អាចបណ្តាលមកពីហ៊្សែនតំណរពូជផងដែរ។
បើទោះបីជាបញ្ហាអាចម៌រុយនេះមិនប៉ះពាល់ដល់សុខភាពក៏ពិតមែន តែគួរតែយកចិត្តទុកដាក់ព្យាបាលឱ្យបានល្អ។ ហេតុផលមួយ គឺវាធ្វើឱ្យអ្នកមានអារម្មណ៍ខ្មាស់អៀន ហើយធ្វើឱ្យស្បែកអាក្រក់មើល។
ខាងក្រោមនេះជាវិធីព្យាបាលសាមញ្ញៗ អាចជួយព្យាបាលអាចម៌រុយនៅលើផ្ទៃមុខអ្នកបាន៖
ទឹកក្រូចឆ្មា៖
ទឹកក្រូចឆ្មាជាឱសថព្យាបាលដ៏ប្រសើរបំផុត សម្រាប់ប្រឆាំងនឹងអាចម៌រុយ។ គេនិយាយថា ជាតិអាស៊ីតនៅក្នុងទឹកក្រូចឆ្មាអាចជួយការពារ និងកម្ចាត់អាចម៌រុយបាន។ លាបទឹកក្រូចឆ្មាឱ្យបាន ២ដងក្នុង១ថ្ងៃ ហើយគួរតែទុកវារយៈពេលយ៉ាងតិចណាស់ ១ម៉ោងកន្លះ។ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកស្អាត។
ក្រែមទឹកដោះគោជូរ៖
វិធីបំបាត់អាចម៌រុយដោយសន្សំសំចៃប្រាក់ គឺត្រូវប្រើក្រែមទឹកដោះគោជូរ លាបលើកន្លែងចេញអាចម៌រុយ។ អ្នកអាចបន្ថែមស្រូវអូកខ្លះលាយជាមួយទឹកដោះគោ ហើយលាបលើតំបន់ដែលមានអាចម៌រុយ។ ហើយគួរតែទុកវារយៈពេល ២០នាទី រួចលាងសម្អាតនឹងទឹកត្រជាក់។ វត្តមាននៃអាស៊ីតនៅក្នុងទឹកដោះគោជូរ និងក្រែមអាចជួយបំបាច់អាចម៌រុយបាន។ អ្វីដែលអ្នកអាចធ្វើបាន គឺលាបទឹកដោះគោជូរ ឬក្រែមនៅលើផ្ទៃមុខ ហើយទុកវាចោល ២ទៅ ៣នាទី ឬរហូតទាល់តែវាស្ងួត។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវលាងសម្អាតនឹងទឹកឡើយ។ អ្នកគួរតែយកកន្សែងមកជូតវាចេញ រួចលាបក្រែមសំណើម ឬក្រែមបន្តឹងស្បែកជំនួសវិញ។ វានឹងអាចជួយការពារស្បែកស្ងួតគ្រប់ប្រភេទ ហើយជួយបំបាត់ស្នាមអាចម៌រុយបានឆាប់រហ័ស។
ទឹកឃ្មុំ៖
សារធាតុប្រឆាំងនឹងបាក់តេរីរបស់ទឹកឃ្មុំអាចជួយបំបាត់អាចម៌រុយបានយ៉ាងល្អបំផុត។ អ្នកគួរតែសាកល្បងលាយទឹកឃ្មុំជាមួយទឹក១ ឬ២ស្លាបព្រា។ ហើយគួរតែដាក់កម្តៅឱ្យក្តៅតិចៗ រួចលាបលើផ្ទៃមុខ ឬតំបន់មានអាចម៌រុយ។ អ្នកក៏អាចបន្ថែមស្រូវសាលីបន្តិចចូល ហើយលាបដូចគ្នា។ ទុកវារហូតដល់ស្ងួត រយៈពេល ១០នាទី។ រួចលាងសម្អាតនឹងទឹកត្រជាក់។ អ្នកក៏អាចបន្ថែមគ្រឿងផ្សំផ្សេងៗមួយចំនួនទៀតចូលដូចជា៖ ទឹកដោះគោ ឬទឹកក្រូចឆ្មាដើម្បីឱ្យស្បែកភ្លឺរលោង នៅពេលបាត់អាចម៌រុយអស់។
ផ្លែត្រប់៖
ផ្លែត្រប់ជាឱសថព្យាបាលអាចម៌រុយដ៏អស្ចារ្យ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកផ្លែត្រប់ស្រស់មួយផ្លែ រួចហាន់ជាបន្ទះក្រាស់ៗ។ បន្ទាប់មកយកមកបិតលើតំបន់កើតអាចម៌រុយ។ ក្រោយពីទុករយៈពេល ២ទៅ ៣នាទីមក ត្រូវជូតសម្អាតថ្នមៗជារង្វង់។ ត្រូវប្រាកដ ថាអ្នកបានបិតបន្ទះផ្លែត្រប់សព្វកន្លែងលើអាចម៌ រុយ។ ធ្វើបែបនេះយ៉ាងហោចណាស់ឱ្យបានរយៈពេល ១សប្តាហ៍ ដើម្បីទទួលបានលទ្ធផលប្រសើរបំផុត។
ទឹកដំឡូងបារាំង ឬទឹកប៉េងប៉ោះ៖
ទាំងទឹកដំឡូងបារាំង និងទឹកប៉េងប៉ោះសុទ្ធតែអាចព្យាបាលអាចម៌រុយបាន។ អ្នកក៏អាចយកបន្ទះដំឡូងបារំាង ឬបន្ទះប៉េងប៉ោះជំនួសទឹកក៏បាន ព្រោះវាអាចជួយឱ្យស្បែកភ្លឺរលោង, ការពារ និងព្យាបាលស្បែកខ្មៅ បំបាត់អាចម៌រុយផងដែរ៕
ប្រភព៖ Fb
