ជាទូទៅស្នាមជាំតូចៗជាច្រើននៅលើផ្ទៃមុខបណ្តាលមកពីការកើតមុន ក៏ប៉ុន្តែនៅមានកត្តាមួយចំនួនទៀតក៏ធ្វើឱ្យមានស្នាមជាំលើផ្ទៃមុខដែរ៖ អតុល្យភាពអ័រម៉ូន, អាហារគ្មានជីវជាតិ, ការប៉ះនឹងកាំរស្មីព្រះអាទិត្យ និងការពិសារអាហារមិនបានត្រឹមត្រូវ។ ស្នាមជាំបណ្តាលមកពីមូលហេតុចម្បងៗដូចជា៖ ផ្ទៃមុខមានបញ្ចេញជាតិខ្លាញ់ច្រើន និងស្ទះរន្ធញើស។
ស្នាមជាំលើផ្ទៃមុខ អាចធ្វើឱ្យមនុស្សមានភាពអៀនខ្មាស់ និងបាត់បង់ទំនុកចិត្ត។ ដើម្បីចង់បានស្បែកស្អាត ម៉ដ្ឋរលោង អ្នកបានសាកល្បងរាល់ផលិតផលទាំងអស់ដែលមានដាក់លក់លើទីផ្សារ ប៉ុន្តែមានផលិតផលតិចតួចប៉ុណ្ណោះដែលអាចប្រើការបាន។ ដូច្នេះហើយអ្នកអាចងាកមករកវិធីសាស្ត្រធម្មជាតិមួយចំនួនវិញ ព្រោះវាអាចព្យាបាលបញ្ហាស្នាមជាំបានយ៉ាងមានប្រសិទ្ធភាព។
ទឹកក្រូចឆ្មា៖
ទឹកក្រូចឆ្មា ជាភ្នាក់ងារកម្ចាត់ជាតិពណ៌លើស្បែកយ៉ាងសក្តិសិទ្ធិ ដែលនឹងជួយកម្ចាត់ស្នាមជាំខ្មៅ និងស្នាមអុចខ្មៅលើផ្ទៃមុខ។ លាបទឹកក្រូចឆ្មាលើស្បែករយៈពេល ២០នាទី រួចលាងសម្អាតចេញ។ វាក៏អាចជួយជម្រះកោសិកាស្បែកងាប់ និងជួយផ្ចិតរន្ធញើសផងដែរ។
ដំឡូងបារាំង៖
ដំឡូងបារាំងត្រូវបានគេទទួលស្គាល់ថា អាចជួយឲ្យស្បែកស។ សារធាតុពណ៌សនៅក្នុងដំឡូងបារាំងនឹងជួយកម្ចាត់ជាតិពណ៌ និងស្នាមជាំ ហើយក៏អាចជួយព្យាបាលបញ្ហាស្នាមរង្វង់ខ្មៅក្រោមភ្នែកផងដែរ។ កោសដំឡូងបារាំង រួចច្របាច់វាយកទឹក សម្រាប់លាបវាលើស្បែក។ ទុកវាចោលរយៈពេល ២០នាទី រួចលាងសម្អាតជាមួយទឹកធម្មតា។
ប្រទាលកន្ទុយក្រពើ៖
វត្តមាននៃសារធាតុប្រឆាំងនឹងការរលាករបស់ប្រទាលកន្ទុយក្រពើអាចជួយ កម្ចាត់ស្នាមជាំ និងជួយឱ្យកោសិកាថ្មីលូតលាស់ឡើង។ ចម្រាញ់យកទឹកចេញពីប្រទាលកន្ទុយក្រពើស្រស់ ហើយលាបវាលើស្បែក។ រង់ចាំរហូតដល់វាស្ងួត ចាំលាងសម្អាតនឹងទឹកធម្មតា។
ប៉េងប៉ោះ៖
ប៉េងប៉ោះជាឱសថដ៏សក្តិសិទ្ធិបំផុតក្នុងការបំបាត់ស្នាមជាំលើស្បែក។ វត្តមានរបស់សារធាតុលីកូផេនដែលមានក្នុងប៉េងប៉ោះក៏អាចជួយព្យាបាលបញ្ហាស្បែករឹង និងផ្តល់សារធាតុចិញ្ចឹមដល់ស្បែកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ វានឹងជួយឱ្យស្បែកសម៉ដ្ឋរលោង។ ប្រើប៉េងប៉ោះស្រស់ម៉ាស្សាលើផ្ទៃមុខ និងលាងសម្អាតចេញក្រោយរយៈពេលមួយសន្ទុះ។
ខ្ទឹមស៖
ខ្ទឹមសក៏ជាឱសថល្អមួយប្រភេទ ជួយបំបាត់ស្នាមជាំដែរ។ គ្រាន់តែបុកខ្ទឹមសឱ្យម៉ត់ រួចលាបលើស្បែក និងលាងសម្អាតចេញនៅពេលក្រោយ៕
