ពិតឫទេ៖ ពល​រដ្ឋ​ខ្មែរ​សព្វថ្ងៃ​ ពូ​កែ​អួត​រឿង​ផឹក​ ច្រើន​ជាងរឿង​រកស៊ី! ជួយស៊ែរដាស់តឿនគ្នាផង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិតឫទេ៖ ពល​រដ្ឋ​ខ្មែរ​សព្វថ្ងៃ​ ពូ​កែ​អួត​រឿង​ផឹក​ ច្រើន​ជាងរឿង​រកស៊ី! ជួយស៊ែរដាស់តឿនគ្នាផង

13/07/2017
ភាព​ជឿន​លឿន​ និង​ងាយ​រក​បាន​នៃ​ផលិត​ផល​គ្រឿង​ស្រវឹង​ក្នុង​សង្គម​កម្ពុជា​ កំពុង​ទាញ​របៀប​គិត​មួយ​ជ្រុង​ធំ​របស់​ពល​រដ្ឋ​ខ្មែរ​ ឱ្យ​ដើរ​លើ​ផ្លូវ​នៃ​ការ​បំផ្លាញ​ បញ្ញា​ស្មារតី​ និង​ការ​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​ក្នុង​នាម​ជា​ពល​រដ្ឋ​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ដំណើរ​ជីវិត​គ្មាន​ភាព​ច្បាស់​លាស់​របស់​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នេះ​​បន្តិច​ម្តងៗ​ បាន​ទាញ​ទម្លាក់​គុណ​តម្លៃ​ និង​ភាព​ថ្លៃ​ថ្នូរ​របស់​ជាតិ​សាសន៍​មួយ​នេះ​ ឱ្យ​ស្ថិត​នៅ​ក្រោម​បន្ទាត់​នៃ​ពាក្យ​ថា​ «ធ្វេស​ប្រហែស​ និង​ស្រេច​តែ​អញ​ ព្រោះ​វា​ជា​សិទ្ធិ​របស់​អញ​»។

បច្ចុប្បន្ន​ភាព​នៃ​ការ​ប្តូរ​ផ្លាស់​សម្ភារៈ​សង្គម​ និង​តម្រូវ​ការ​របស់​មនុស្ស​ បាន​កើន​ឡើង​ជា​លំដាប់​ និង​មាន​របស់​ថ្មីៗ​ជា​និច្ច​។ ហើយ​ដូច​គ្នា​អ៊ី​ចឹង​ដែរ​ ពល​រដ្ឋ​ខ្មែរ​ម្នាក់​ៗ​ ប្រាថ្នា​ចង់​រស់​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ដែល​អស្ចារ្យ​ និង​ហ៊ឺហារ​ តាម​រយៈ​ការ​ប្រើ​ប្រាស់​របស់​ទំនើបៗ​ និង​ផឹក​ស្រា​ថ្លៃៗ​ជា​ដើម​។ រហូត​ពេល​ខ្លះ​គេ​យល់​ថា​មាន​តែ​សម្ភារៈ​ថ្លៃ​ទេ​ ដែល​អាច​ឱ្យ​ជីវិត​គេ​មាន​ការ​ទទួល​ស្គាល់ ​និង​ខ្ពង់​ខ្ពស់​សម័​យយស​ស័ក្តិ​ថ្លា​ថ្លៃ​ ហើយ​ផាត់​ចោល​គុណ​តម្លៃ​នៃ​ចំណេះ​ដឹង​ចោល​ទៅ​កៀន​ជញ្ជាំង​ផ្ទះ​ម្ខាង​ដោយ​ឡែក​។ ការ​ផឹក​ស្រា​នេះ​ គឺ​កើត​មាន​គ្រប់​ស្រទាប់​វណ្ណៈ​និយាយ​ជា​រួម​ ហើយ​ដាច់​ដោយ​ឡែក​ គេ​អាច​និយាយ​ថា​ ជា​ទម្លាប់​របស់​អ្នក​មាន​លុយ​បំផុត​ ហើយ​ធ្លាក់​ទៅ​ដល់​ដៃ​ពល​រដ្ឋ​ដែល​គ្មាន​លុយ​សោះ​។ ការ​បង្កើត​ទម្លាប់​ទទួល​ទាន​ស្រា​ កំពុង​បាន​ក្លាយ​ជា​ចំនុច​អវិជ្ជ​មាន​មួយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ពេល​អនាគត​។ ការ​បារម្ភ​ទី១​ គឺ​ពល​រដ្ឋ​ខ្មែរ​ ពី​ពេល​នេះ​ ត​ទៅ​ ហាក់​លែង​ចង់​អួត​រឿង​រៀន​ ឬ​ក៏​ការ​អាន​សៀវ​ភៅ​ទៀត​ហើយ​ ប៉ុន្តែ​គេ​ចាប់​ផ្តើម​អួត​អំពី​ការ​ផឹក​ស្រា​តម្លៃ​ថ្លៃៗ​ និង​មាន​រស​ជាតិ​ឆ្ងាញ់​វិញ​ម្តង​។

បើ​គេ​សង្កេត​មើល​ដោយ​ប្រយោល​ មិន​ចាប់​បង្ខំ​ គ្រាន់​តែ​ព្រះ​អាទិត្យ​បិទ​ភ្នែក​ចូល​ដំណេក​(មេឃ) ភ្លាម​ ស្ទើរ​គ្រប់​ហាង​ផឹក​ស៊ី​នៅ​ភ្នំ​ពេញ​ មាន​មនុស្ស​ចូល​ផឹក​ស៊ី​ជុំ​គ្នា​ត្រៀម​ត្រា​ ពិសេស​យុវជន​ផ្ទាល់​តែ​ម្តង​។ សំ​លេង​កែវ​ស្រា​បាន​ប៉ះ​ទង្គិច​គ្នា​យ៉ាង​រណ្តំ​ ផ្សំ​ផ្គុំ​ជា​មួយ​សម្រែក​ហ៊ោរ​បន្ទរ​លើក​ទឹក​ចិត្ត​ ឱ្យ​ផឹក​ដាច់​សាច់​ស្អាត​បាន​ក្លាយ​ជា​ពាក្យ​ស្លោក​ដ៏​មាន​ប្រជា​ប្រិយ​ភាព​របស់​អ្នក​ផឹក​។ ក្រៅ​ពី​សំ​ឡេង​កែវ​ស្រា​ ពល​រដ្ឋ​នៅ​មាន​សំឡេង​តន្ត្រី​ប្រគុំ​កំដរ​អារម្មណ៍​ជា​មួយ​ផង​ ក្នុង​គោល​ដៅ​បន្ថែម​អត្ថ​ន័យ​ឱ្យ​ជីវិត​។ ​

មួយ​ថ្ងៃ​បន្តិចៗ​ ទម្លាប់​នេះ​ ហាក់​ត្រូវ​បាន​ដិត​ដាម​ជាប់​ក្នុង​ខួរ​ក្បាល​របស់​ពល​រដ្ឋ​ខ្មែរ​ ហើយ​គ្រប់​ពិធី​ជួប​ជុំ​ផ្សេងៗ​ ពល​រដ្ឋ​ខ្លះ​លើក​ឡើង​ថា​ «ស៊ូ​ខ្វះ​ស្រី​ តែ​កុំ​ឱ្យ​ខ្វះ​ស្រា​»។ ពល​រដ្ឋ​ខ្មែរ​រាប់​ពី​ក្មេង​នៅ​ជន​បទ​ រហូត​ដល់​ចាស់​សក់​ស្កូវ​នៅ​ទី​ក្រុង​ ដូច​ជា​មិន​សូវ​នាំ​គ្នា​ពិភាក្សា​ ពី​ការ​រៀន​សូត្រ​ ការ​អាន​សៀវ​ភៅ​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប៉ុន្មាន​នោះ​ទេ​។ ហើយ​ម្នាក់ៗ​ ក៏​ហាក់​នឿយ​ណាយ​ចំពោះ​ ការ​វិវត្ត​នៃ​ស្ថាន​ភាព​ដ៏​រញ៉េរ​ញ៉ៃ​ និង​ភាព​ដដែលៗ​ របស់​អ្នក​នយោបាយ​ ដែល​ជា​អ្នក​ដឹក​នាំ​ប្រទេស​ដែរ​។ទី២​ ពល​រដ្ឋ​ខ្មែរ​ ហាក់​បាន​ជ្រើស​រើស​យក​ ការ​ផឹក​ស្រា​ ជា​គ្រូ​ពេទ្យ​ព្យាបាល​ចិត្ត​សាស្រ្ត​។ ជារឿយៗ​ នៅ​ពេល​មាន​ទុក្ខ​កង្វល់​ស្មាញ​ស្មុគ​ដោះ​ស្រាយ​មិន​ចេញ​ គេ​សង្កេត​ឃើញ​យុវជន​ ឬចាស់ៗ​មួយ​ចំនួន​ បាន​តេ​ហៅ​ និង​បបួល​គ្នី​គ្នា​ ទៅ​ហាង​ស្រា​ដើម្បី​ផឹក​កាត់​សាញ​ និង​បំភ្លេច​ទុក្ខ​កង្វល់​ចោល​។ ហើយ​ទម្លាប់​នេះ​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ផ្នត់​គំនិត​ក្មេងៗ​ជំនាន់​ក្រោយ​ ពិសេស​​កុមារ​។ ពល​រដ្ឋ​ខ្លះ​ផឹក​រហូត​ភ្លេច​គិត​ថា​ ស្រា​ជា​ប្រភព​នៃ​ជំងឺ​មហារីក​ថ្លើម​ មហារីក​បំពង់​រំ​លាយ​អាហារ​ និង​ជំងឺ​ជាង​កាច​សាហាវ​ជាង​២០០​រយ​មុខ​ទៀត​។
ទី៣​នៃ​បញ្ហា​ដែល​កើត​មាន​ក្នុង​សង្គម​កម្ពុជា​ដែរ​នោះ​ គឺ​ការ​តាំង​ស្រា​ជាគ្រឿង​សង្ហារ​រឹម​ ដើម្បី​បង្អួត​គ្នា​របស់​អ្នក​មាន​លុយ។ ការ​យក​ស្រា​តាំង​ក្នុង​ផ្ទះ​នេះ​ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ ចំពោះ​កូនៗ​ សីល​ធម៌​សង្គម​ និង​ឥរិយាបទ​ទំនាក់​ទំនង​ជា​អ្នក​ផ្សេង​។ ព្រោះ​ថា​ ចង់​មិន​ចង់​ កូនៗ​ បាន​មើល​ឃើញ​ស្រា​គ្រប់​ពេល​ និង​យល់​ស្រា​គឺ​របស់​មាន​តម្លៃ​ហើយ​មើល៍​ទៅ​ បាន​ជា​លោក​ពុក​ ឬ​អ្នក​ម្តាយ​យក​មក​តាំង​ក្នុង​ទូរ​ទុក​ក្នុង​ផ្ទះ​។​ ប្រការ​នេះ​ គេ​អាច​សន្និ​ដ្ឋាន​បាន​ថា​ កូន​នោះ​ពេលធំ​ដឹង​ក្តី​ឡើង​ អាច​ចេះ​ផឹក​ស្រា​ ហើយ​ការ​ជួប​ជុំ​គ្នា​ផ្សេង​ៗ​ ជា​មួយ​មិត្ត​ភក្តិ ប្រាកដ​ណាស់​ថា​ គេ​នឹង​យក​ស្រា​ដើម្បី​កំដរ​បរិយា​កាស​នៃ​ការ​ទំនាក់​ទំនង​។

ពល​រដ្ឋ​ខ្មែរ​ គួរ​តែ​សាក​ល្បង​បង្កើត​ទម្លាប់​ថ្មី​ ទម្លាប់ថ្មីក្នុងន័យ​បំបាត់​ចោល​ទម្លាប់​ចាស់​។ ទម្លាប់​ចាស់​ដែល​ចូល​ចិត្ត​ផឹក​ ឬ​យក​ស្រា​ជា​ភ្នាក់​ងារ​ពង្រឹង​ការ​ទំនាក់​ទំនង​ មក​ជា​ការ​ទទួល​ទាន​ភេស​ជ្ជៈ ​ឬ​អាហារ​ព្រឹក​វិញ​ម្តង​ ក្នុង​ន័យ​ឱ្យ​បរិយា​កាស​ថ្មី​អាច​កាត់​បន្ថយ​ការ​ទទួល​ស្រា​ របស់​លោក​អ្នក​។ ការ​ផ្អាក​ការ​ទទួល​ស្រា​ គឺ​អាច​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​ពង្រឹង​ស្មារតី​ និង​បង្កើត​សីល​ធម៌​រស់​នៅ​ឱ្យ​របៀប​ និង​គុណ​តម្លៃ​ល្អ​ប្រសើរ​។ ពល​រដ្ឋ​អាច​ប្តូរ​ឥរិយា​បទ​ ដែល​ផឹក​ស្រា​នៅ​ពេល​ទំនេរ​ មក​ជា​អាន​សៀវ​ភៅ​ និង​ជួប​ជុំ​ជា​មួយ​មិត្ត​ភក្តិ​និយាយ​ពី​ ការ​ភាព​រីក​ចម្រើន​ និង​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដែល​រដ្ឋា​ភិបាល​ត្រូវ​បំពេញ​ ប្រហែល​ជា​ការ​ប្រសើរ​។ ស្រា​គ្រាន់​តែ​ទឹក​ម្យ៉ាង​ប៉ុណ្ណោះ​ ហើយ​ស្រា​នេះ​ទៀត​សោត​ គឺ​បង្កើត​ឡើយ​ដោយ​មនុស្ស​។ ម្ល៉ោះ​ហើយ​ពល​រដ្ឋ​ខ្មែរ​ មិន​គួរ​ដោយ​សារ​ស្រា​ សុខ​ចិត្ត​បណ្តាល​ឱ្យ​ខូច​កិត្តិយស​ និង​ជាតិ​សាសន៍​របស់​ខ្មែរ​ ដែល​ដូន​តាម​ប្រឹង​រក្សា​រាប់​ពាន់​ឆ្នោះ​មក​ហើយ​នោះ​ទេ៕​
ប្រភព៖ TosRead