រាជធានីភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមនា ព្រឹកថ្ងៃទី១២ ខែកក្កដានេះ ក្រោយពីក្រសួងបានប្រកាសថា ថ្ងៃនេះបានរកឃើញករណីវិជ្ជមានថ្មីនេះកូវីដ១៩ ចំនួន១៥នាក់ ដោយសម្តេចបានសរសេរថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ ? សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ ។»
ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់ ។ មកទល់ពេលនេះ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់ ។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។
ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ជែលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន ។