ខេត្តស្វាយរៀង ៖បើតាមសេចក្តីរាយការណ៍បានឱ្យថា សមត្ថកិច្ចបានតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករដែលកាប់ប្រហារជនរងគ្រោះជានិស្សិត និងជាកីឡាបាល់ទាត់ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់កាលពីម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ វិច្ឆិកា នៅខាងលិចស្ពានគយត្របែកខាងមុខសាលប្រជុំឆ្នេរទន្លេ ក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀងនោះបានហើយ គឺរត់រហូតដល់រាជធានីភ្នំពេញ យកមកផ្តន្ទាទោស ព្រមទាំងចាប់ឃាត់ខ្លួនអ្នកដឹក និងម្ចាស់កាំបិតមកទទួលខុសត្រូវផងដែរ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
បើតាមសមត្ថកិច្ចខេត្តបានឲ្យដឹងថា ជនសង្ស័យដែលជាជនដៃដល់ខាងលើ ១-ឈ្មោះ ប្រាក់ សុធារាជ (ហៅពៅ) ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (ជាជនដៃដល់) ២-ឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (ជាជនសមគំនិត) បានជិះម៉ូតូម៉ាកឌូក ពាក់ស្លាកលេខភ្នំពេញ 1CV-1852 ពណ៌សលាយខ្មៅ ឌុបគ្នាប្រដាប់ដោយកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះវ៉ា វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជានិស្សិត និងជាកីឡាករបាល់ទាត់ខេត្តស្វាយរៀង មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីទទួលព័ត៌មានពីឃាតកម្មនេះភ្លាម លោកស្នងការនគរបាលខេត្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងជំនាញដឹកនាំដោយលោកស្នងការរងនគរបាលខេត្តនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះអេង វិចាអក្ខរ៉ា ដែលជាអ្នកបើកម៉ូតូ នាំខ្លួនយកទៅអធិការរដ្ឋាននគរបាលក្រុងស្វាយរៀងធ្វើការសាកសួរ។
ប្រភពដដែលបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូឌុបឈ្មោះ ប្រាក់ សុធារាជ ទៅធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះប្រាកដមែន។ ក្រោយពីធ្វើសកម្មភាពហើយ ខ្លួននិងឈ្មោះប្រាក់ សុធារាជ ក៏បែកផ្លូវគ្នារៀងៗខ្លួន។ ក្រោយពីទទួលបានចម្លើយសារភាពសមត្ថកិច្ចខេត្ត ក៏ចុះទៅព័ទ្ធផ្ទះជនសង្ស័យមួយយប់ ទើបដឹងថា ជនសង្ស័យបានគេចខ្លួនតាមរថយន្តតាក់ស៊ីទៅរាជធានីភ្នំពេញ ទើបសមត្ថកិច្ចនគបាលខេត្តស្វាយរៀងទៅសហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ ក៏បន្តស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យឈ្មោះ ប្រាក់ សុធារាជ បាននៅរាជធានីភ្នំពេញកាលពីម៉ោង២រសៀលថ្ងៃទី១១ វិច្ឆិកា។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសាកសួរឈ្មោះ ប្រាក់ សុធារាជ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ រីឯវត្ថុតាងកាំបិតដែលខ្លួនធ្វើសកម្មភាពនោះ គឺខ្លួនខ្ចីពីឈ្មោះ សុខ ទិត្យវាសនា តែពេលធ្វើសកម្មភាពរួច ខ្លួននិងឈ្មោះអេង វិចាអក្ខរ៉ា បានយកកាំបិតនោះទៅឲ្យឈ្មោះ សុខ ទិត្យវាសនាវិញហើយ។
ក្រោយពីទទួលបានចម្លើយសារភាពដូច្នេះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួន ឈ្មោះ សុខ ទិត្យវាសនា ព្រមទាំងវត្ថុតាងកាំបិត និងគូរកនខាងលើបញ្ជូនមកការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
សូមរំលឹកផងដែរថា ជនរងគ្រោះម្នាក់ជាកីឡាករខេត្តស្វាយរៀង បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ឌុបមិត្តស្រីដើរលេងលើដងផ្លូវមាត់ទន្លេ ស្រាប់តែក្រុមជនដៃដល់ជិះម៉ូតូ១គ្រឿងម៉ាកឌូក មកពីក្រោយ រួចយកកាំបិតកាប់ទៅលើជនរងគ្រោះពីក្រោយចំ.ក និងគុម្ពត្រចៀក របួសធ្ងន់ធ្ងរតែម្តង ។ ខណៈពីដំបូងជនរងគ្រោះមិនទាន់មានបញ្ហាអ្វីនោះទេ ហើយជនរងគ្រោះក៏ជិះម៉ូតូដេញតាមជនសង្ស័យបានប្រមាន៧០០ម៉ែត្រ ឈាមក៏ស្រោចពេញខ្លួនប្រាណ ជនរងគ្រោះក៏ឈប់នៅមុខផ្សារម៉ាតរួចចុះពីលើម៉ូតូ ស្រាប់តែដួលសន្លប់តែម្តង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ វិច្ឆិកា ២០១៩ ត្រង់ចំណុចខាងលិចស្ពានគយត្របែក ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ។