ខេត្តកំពង់ឆ្នាំង៖ តាមសេចក្តីរាយការណ៍បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍របស់លោកអនុប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការដ្ឋានកិច្ចខេត្តកំពង់ឆ្នាំងនោះ ត្រូវបានដឹកបញ្ជូនសពលោកយកទៅកាន់លំនៅឋានក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ តុលា ដដែលនេះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក រថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P.2163 ត្រូវសមត្ថកិច្ចបានហៅរថយន្តស្ទូចយកទៅរក្សាទុក ដើម្បីរៀបចំឯកសារប្រគល់ម្ចាស់ដើមវិញ ។
តាមការពិនិត្យកន្លែងរបស់មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងឱ្យដឹងទៀតថា រថយន្តជនរងគ្រោះបានធ្វើដំណើរពីទិសខាងជើងមកត្បូង លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ផ្លូវមកខាងស្តាំដៃ រួចចូលទៅក្នុងប្រឡាយទឹកតែម្តង ។ រថយន្តមិនបានក្រឡាប់នោះទេ ប៉ុន្តែបានលិចទៅក្នុងទឹកឃើញតែដំបូល ហើយឃើញជនរងគ្រោះបានស្លាប់អណ្តែតទឹកនៅពីក្រោយរថយន្ត ប្រហែលជា៣ម៉ែត្រ ដែលអាចសន្និ ដ្ឋានបានថា ជនរងគ្រោះបានហែលចេញពីរថយន្ត ប៉ុន្តែដោយសារស្ថានភាពងងឹត មិនអាចរកច្រាំងឃើញ ក៏ផុតដៃផុតជើងបណ្តាលអោយលង់ស្លាប់តែម្តង ។
សេចក្តីរាយការណ៍បន្តទៀតថា ជនរងគ្រោះខាងលើ ឈ្មោះ គិន វិសាល អាយុជាង៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ។ ប្រភពពីមន្ត្រីទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភានិងអធិការដ្ឋានកិច្ច ដែលបានចុះដល់កន្លែងកើតហេតុបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៣ តុលា មន្ត្រីរបស់មន្ទីរទំនាក់ទំនងសភា និងព្រិទ្ធសភា មានរៀបចំពិធីពិសារអាហារសាមគ្គីជុំគ្នា ក្រោយមកម៉ោងប្រហែលជាង៧យប់ក៏បែកទៅផ្ទះរៀងៗខ្លួន ។
ប្រភពបន្តថា ចំណែកជនរងគ្រោះមិនដឹងបើករថយន្តទៅណានោះទេ ។ លុះព្រឹកឡើង ស្រាប់តែប្រទះឃើញអណ្ដែតទឹកនៅចំណុចផ្លូវលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីរបស់ក្រុងកំពង់ឆ្នាំងតែម្តង ។