(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារមនុស្សនៅក្នុង រថយន្តទាំង៥នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់ ដោយសារតែក្រឡាប់ខ្លួនឯង កាលពីវេលាម៉ោង 04និង 20នាទីទៀបភ្លឺ ថ្ងៃទី02 ខែតុលា ឆ្នាំ2019 នៅចំណុចផ្លូវកោងព្រៃរហ៊ូនិងសេរីវង្សN6 (ផ្លូវអាស៊ានវាងក្រុង) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ករណីនេះ បង្កដោយរថយន្តម៉ាកកាមរីបាឡែន ពណ៌ស លេខ 2 AS 6715 ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងរថយន្តបានរេចង្កូតមកឆ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ស្លាប់មនុស្សទាំងអស់គ្នានៅក្នុងឡានចំនួន៥នាក់។
មនុស្សស្រី ដែលបានស្លាប់នៅក្នុងសោកនាដកម្ម ក្រឡាប់រថយន្តមាន៖
ទី1-អ្នកបើកបររថយន្តភេទស្រី មិនស្គាល់អត្តសញ្ញាណ។
ទី2-ឈ្មោះអួន ចាន់ធារី ភេទស្រី អាយុ34ឆ្នាំ រស់នៅភូមិទី4 ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ស្លាប់)។
ទី3-ឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ26ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ (ស្លាប់)។
ទី4-អ្នករួមដំណើរឈ្មោះ ដុក ចាន់វលក្ខ័ណ៌ ភេទស្រី អាយុ26ឆ្នាំ រស់នៅបឹងកេងកងទី3 ខណ្ឌចំការមន រាជធានីភ្នំពេញ(ស្លាប់)។
ទី5-មិនស្គាល់អត្តសញ្ញាណ (ស្លាប់)។
តាមការសណ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីស្លាប់នេះ មូលហេតុបណ្តាលមកពីបើកបរលឿន ក៏ជ្រុលចង្កូតក្រឡាប់តែម្ដង ដោយក្នុងទិសដៅ ពីត្បូងទៅជើង៕