ខេត្តបន្ទាយមានជ័យ៖ បុរសជាពលករម្នាក់ខណៈឱនរើសកាបូបលុយដែលជ្រុះ ស្រាប់តែវិលមុខដួលប្រកាច់ (សង្ស័យជនរងគ្រោះកើតជំងឺលើសឈាម) ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ លុះ៤ថ្ងៃក្រោយជនរងគ្រោះបានស្លាប់បាត់តែម្តង ហើយត្រូវគេបញ្ជូនសពមកឱ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីរសៀលថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះរឿន ចុច ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្តឱ្យថៃនៅខេត្តឈុនបុរី និងមានស្រុកកំណើតនៅភូមិកាតុងរ៉ុង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពីឪពុកជនរងគ្រោះបានប្រាប់ឱ្យដឹងថា កាលពី៤ថ្ងៃមុន ជនរងគ្រោះវិលមុខដួលប្រកាច់នៅពេលឱនរើសកាបូបប្រាក់ដែលជ្រុះ ត្រូវបានគេសង្ស័យថាជនរងគ្រោះកើតជំងឺលើសឈាម ហើយត្រូវគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី១៦ កញ្ញា ជនរងគ្រោះក៏បានស្លាប់ ។ ពេលបញ្ជូនសពមកដល់កម្ពុជា ត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តទៅកាន់លំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕