សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន

12/09/2019
(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអះអាងយ៉ាងច្បាស់ៗថា សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។
ការចេញមកបញ្ជាក់ជាលើកដំបូងពីការបញ្ជូនសាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ាន ៩ប្រទេសផ្សេងទៀត របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្ដិភាព នាវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងនាមជាមេដឹកនាំកំពូល និងជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេនឹងចាត់ទុកថា ក្រុមនោះ (ទណ្ឌិត សម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង»។
«ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ» នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន ។