(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងឡានដឹកស៊ីម៉ង់ត៍បណ្តាលអោយបាត់បង់ជីវិតបុរសម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង០២.២០នាទីរសៀល ស្ថិតនៅចំណុចកែងផ្លូវបំបែកជា៤ជាប់របងសាលាដំបូងខេត្តបាត់ដំបង នៅទល់មុខ ក្បែរ ABA BANK ហេតុការដ៏រន្ធត់នេះ កើតឡើងនៅថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣, ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
ជនរងគ្រោះមានឈ្មោះ ឃឹម វង់ ភេទប្រុស អាយុប្រហែល៥២ឆ្នាំ រស់នៅភូមិដង្កោទាប (ជាអតីតមន្ត្រីយោធា) បើកបរម៉ូតូម៉ាក HONGDA SUNYAN 150 ពណ៌ស អត់ស្លាកលេខ។
រថយន្តបង្ករដឹកស៊ីម៉ង់ត៍ខ្នាតតូចចំណុះ២តោន ពាក់ស្លាកលេខ បាត់ដំបង 2A.2967 រីឯអ្នកបើកបរគេចខ្លួនបាត់ ស្រមោល ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះបានធ្វើដំណើរដោយជិះម៉ូតូតែម្នាក់ឯងក្នុងស្ថានភាពស្រវឹងទិសដៅពីកើតមកលិចលុះមកដល់កន្លែងកើតហេតុស្រាប់តែម៉ូតូរលត់ជនរងគ្រោះក៏ខំប្រឹងធាក់ម៉ូតូអោយឆេះស្របពេលឡានដឹកស៊ីម៉ង់ត៍ដែលដឹកស៊ីម៉ង់ត៍ពេញឡានបើកបរដោយបុរសម្នាក់ទិសដៅពីលិចមកកើតបញ្ច្រាស់គ្នាមកដល់ចំណុចកើតហេតុក៏បណ្តាលអោយបុរសដែលជាជនរងគ្រោះដួលបោកក្បាលចូលកង់ឡានខាងក្រោយបណ្តាលអោយឡានកិនចំក្បាលជនរងគ្រោះពេញទំហឹងលាន់ដូចរន្ទះធ្វើបណ្តាលអោយបែកលលាដ៏ក្បាលផ្ទុះខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអធមតែម្តង។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូនឹងរថយន្តបង្ករត្រូវសមត្ថកិច្ចយកទៅរក្សាទុកនឹងរងចាំម្ចាស់រថយន្តនឹងគ្រួសារសពចូលខ្លួនមកដោះស្រាយតាមនិតិវិធី។
អត្ថបទ៖ លុយ សព្វសិទ្ធ
