យោងតាមក្រុមហ៊ុនវិនិយោគ CLSA បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិនបានទិញគ្រឿងបន្លាស់ស្តុកទុកគ្រប់គ្រាន់សម្រាប់ស្មាតហ្វូន និងឧបករណ៍បណ្តាញ 5G បានជិតមួយឆ្នាំពេញឯណោះ ។
ខណៈដែលជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងតែតានតឹងឡើង សហរដ្ឋអាមេរិកបានដាក់ Huawei ក្នុងបញ្ជីខ្មៅដើម្បីទប់ស្កាត់សមត្ថភាពរបស់ Huawei ក្នុងការធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនអាមេរិក ។
ការហាមឃាត់នេះត្រូវបានកាត់បន្ថយប៉ុន្មានថ្ងៃក្រោយមកដើម្បីចៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់ដៃគូអាជីវកម្មរបស់ Huawei ប៉ុន្តែអ្នកជំនាញភាគច្រើនព្រមានថាក្រុមហ៊ុនចិននេះកំពុងតែជួបនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង។
លោក Sebastian Hou ដែលជាអ្នកវិភាគផ្នែកវិនិយោគនៅ CLSA បានប្រាប់ដល់សារព័ត៌មាន CNBC ថា បច្ចុប្បន្ននេះ អាជីវកម្មស្មាតហ្វូនរបស់ Huawei មានគ្រឿងបន្លាស់ស្តុកដែលគ្រប់គ្រាន់សម្រាប់ឲ្យក្រុមហ៊ុនបន្តផលិតកម្មបានប្រមាណពី៥ទៅ៦ខែទៀត ហើយអាជីវកម្មឧបករណ៍បណ្តាញ 5G អាចបន្តផលិតបានពី៩ទៅ១២ខែទៀតផងដែរ។
លោកបានបន្តថា «សម្រាប់មួយឆ្នាំនេះ ខ្ញុំគិតថាក្រុមហ៊ុន Huawei នឹងអាចបន្តផលិតស្មាតហ្វូននិងឧបករណ៍បណ្តាញរបស់ពួកគេបាន។ ក្នុងរយៈពេលខ្លី ពួកគេនៅមានគ្រឿងបន្លាស់ក្នុងស្តុកគ្រប់គ្រាន់ដើម្បីទ្រាំទ្រ ប៉ុន្តែគ្រឿងក្នុងស្តុកនឹងអស់ក្នុងពេលណាមួយ ។ ដូច្នេះការចរចាពាណិជ្ជកម្មដែលបន្តទៅមុខក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះគឺពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុននាពេលអនាគត»។
លោក Hou បានកត់សម្គាល់ថា ក្រុមហ៊ុន HiSilicon ដែលជាក្រុមហ៊ុនក្រោមការគ្រប់គ្រងរបស់ Huawei និងជាក្រុមហ៊ុនផលិតឈីបសម្រាប់ឧបករណ៍ Huawei បានបង្កើនសមត្ថភាពក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយពួកគេអាចផ្គត់ផ្គង់តម្រូវការ Huawei បានពី ៨០ទៅ៩០%ផងដែរ ។
ដំណើរការរបស់ Huawei ពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុនផលិត Semiconductor ក្នុងតៃវ៉ាន់ច្រើនជាងដែលមកដល់បច្ចុប្បន្នបាននិយាយថាការលក់ទៅកាន់ Huawei មិនត្រូវបានប៉ះពាល់ដោយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទេ ៕