ខេត្តស្វាយរៀង៖ មានភ្លៀងកក់ខែធ្លាក់រាយបាយគ្រប់ក្រុងស្រុកទាំង៨ ចាប់ពីវេលាម៉ោង១និង១៥នាទី ដល់វេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងក្រុងស្វាយរៀងក៏ដូចជា នៅតាមបណ្តាក្រុងស្រុកទាំង៨ទៀត ក្នុងខេត្តស្វាយរៀងទាំងមូល គឺទទួលបានទឹកភ្លៀង១មេច្រើនគួរសមដែលបានធ្វើឱ្យអាកាសធាតុមានការប្រែប្រួលពីក្តៅហួតហែងមកជាត្រជាក់ត្រជុំគួរជាទីពេញចិត្តពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលកន្លងមកអាកាសធាតុមានសភាពក្តៅហួតហែងពិបាកក្នុងការរស់នៅជាខ្លាំង ។
បើតាមអ្នកស្រីសុខ សុវណ្ណា អាយុ៥៦ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានឱ្យដឹងថា ថ្ងៃនេះរូបគាត់មានអារម្មណ៍ថា ពិតជាស្រស់ស្រាយក្នុងចិត្តមែនទែន ដោយសារតែនៅរសៀលនេះមានភ្លៀងធ្លាក់មួយមេធំ ធ្វើឱ្យអាកាសធាតុប្រែពីក្តៅមកត្រជាក់ល្មមស្រួល រស់នៅខុសពីប៉ុន្មានថ្ងៃមុន ដោយសារតែអាកាសធាតុមានកំដៅខ្លាំងពិបាកទ្រាំណាស់ ចង់ធ្វើដំណើរទៅណាក្តៅខ្លាំង ដោយសារតែបញ្ហាអាកាសធាតុវាមិនសូវអំណោយផល ហើយម្យ៉ាងធ្វើឲ្យសុខភាពរបស់គាត់ជួបនូវជម្ងឺថែមទៀតផង ។
ដោយឡែកអាជីវករនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង បានឱ្យដឹងផងដែរថា ទោះបីរូបគាត់ជាអាជីវករលក់ដូរយ៉ាងណាក៏ដោយ នៅពេលមានភ្លៀងធ្លាក់ពេលមេឃកំពុងតែក្តៅអញ្ចឹង គឺធ្វើឱ្យគាត់មានចិត្តត្រេកអរមែនទែន ពីព្រោះបញ្ហាអាកាសធាតុ គឺសំខាន់ និងចាំបាច់ណាស់ក្នុងការរស់នៅរបស់យើងសព្វថ្ងៃ បើមេឃក្តៅពេកក៏ពិបាករស់នៅ តែបើមេឃត្រជាក់ត្រជុំពេកក៏ពិបាកលក់ដូរដែរ ។
សូមបញ្ជាក់ផងដែរថា បើតាមការជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បណ្តាក្រុងស្រុកដែលមានភ្លៀងធ្លាក់មានក្រុងបាវិត ស្រុកចន្ទ្រា ស្រុកស្វាយទាប ស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងក្រុងស្វាយរៀង មានភ្លៀងធ្លាក់ច្រើន មានទឹកដក់ក្នុងស្រែ និងនៅក្រុងស្វាយរៀងក៏មានទឹកដក់តាមដងផ្លូវលើកលែងតែស្រុករំដួល និងស្រុករមាសហែក គឺមានភ្លៀងធ្លាក់ដោយកន្លែង និងមានភ្លៀងតិចតួចប៉ុណ្ណោះ ។