ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ រីឯលំនៅឋានចំនួន៤ខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ដែលកើតឡើងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងឃុំតាតោក និងឃុំតាសាញ ស្រុកសំឡូត។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ពលរដ្ឋម្នាក់ឈ្មោះ តាំង ប៉ាត់ អាយុ៣៥ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់ពេលគាត់កំពុងដើរទៅការ នៅចំណុចភូមិអូរតាទៀក ឃុំតាតោក ខណៈពេលមេឃកំពុងភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាផង។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ស្របពេលជាមួយគ្នានេះ ខ្យល់កន្ត្រាក់ក៏បានវាយប្រហារមួយប្រាវយ៉ាងគំហុកទៅភូមិតាសាញជើង ឃុំតាសាញ បណ្ដាលឲ្យខូចខាតលំនៅឋានចំនួន៤ខ្នង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
បើតាមអ្នកភូមិបាននិយាយថា ភ្លៀងដែលលាយឡំខ្យល់កន្ត្រាក់ផង បានប៉ះទង្កិចទៅភូមិជាច្រើន នៅក្នុងស្រុកសំឡូត ក្នុងរយៈខ្លីតែបានបំផ្លាញលំនៅឋានតែនៅភូមិតាសាញជើងចំនួន៤ខ្នង និងរន្ទះបានបាញ់សម្លាប់មនុស្សម្នាក់។ ទោះបីយ៉ាងណា ពេលនេះអាជ្ញាធរកំពុងចុះពិនិត្យដើម្បីជួយសង្គ្រោះបឋមដល់គ្រួសាររងគ្រោះហើយ៕