ខេត្តព្រះសីហនុ៖ បញ្ហាប្រឈមនៃកង្វះបន្ទប់សណ្ឋាគារនៅក្រុងព្រះសីហនុ ដោយសារតែកំណើនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ លែងចោទជាបញ្ហាចោទទៀតហើយ ដោយចំនួនបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តជាប់មាត់សមុទ្រនេះបានកើនឡើងដល់ជាង ១០,០០០ បន្ទប់ហើយ។ នេះបើតាមការឲ្យដឹងរបស់ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នា បានមានប្រសាសន៍ ក្នុងពេលក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរពាក់ព័ន្ឋ រួមជាមួយក្រុមការងារក្រុមហ៊ុនក្នុងស្រុកមួយ បានរៀបចំនិងត្រួតពិនិត្យឡើងវិញនូវការរៀបចំព្រឹត្តិការសង្ក្រាន្តសមុទ្រ ដែលនឹងប្រព្រឹត្តិទៅ៣ថ្ងៃ សម្រាប់បុណ្យចូលឆ្នាំខ្មែរ នាព្រឹកថ្ងៃទី១៩ មីនាកន្លងមកថា នាពេលបច្ចប្បន្ននេះ នៅទូទាំងក្រុងព្រះសីហនុ មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ចំនួនជាង១ម៉ឺនបន្ទប់សម្រាប់ភ្ញៀវជួលស្នាក់នៅ អំឡុងពេលពួកគាត់មកកម្សាន្តនៅទីនេះ។ បន្ថែមលើសពីកន្លែងស្នាក់នៅ ខេត្តព្រះសីហនុ ក៏សម្បូរទៅដោយភោជនីយដ្ឋាន និងអាហារដ្ឋានជាង៣០០កន្លែង សម្រាប់ទទួលផ្គត់ផ្គង់ម្ហូបអាហារជូនភ្ញៀវទូទៅផងដែរ។
លោកស្រី ខែក ខេមរ៉ាត អគ្គនាយិការ ក្រុមហ៊ុនប្ល៊ូមេឌា (Blue Media) បានឲ្យដឹងថា ក្រុមហ៊ុន បានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំកម្មវិធីសង្ក្រាន្តសមុទ្រសម្រាប់អបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពាក់កណ្តាលខែមេសាខាងមុងនេះ។
លោកស្រីបន្តថា យើងនឹងរៀបចំជាឆាកវេទិកាធំមួយសម្រាប់ពិធីទទួលទេវតាឆ្នាំថ្មី ការសម្តែងរបាំត្រុដិ ពិធីរាប់បាត្រព្រះសង្ឃ១១៩អង្គ ពិធីស្រង់ព្រះនៅថ្ងៃចូលឆ្នាំទី៣ ការលេងល្បែងប្រជាប្រិយផ្សេងៗ (បោះឈូង អង្គុញ ទាញព្រ័ត្រជាដើម) មានការប្រគុំតន្រី្តសម្រាប់រាំលេងកម្សាន្ត ការសម្តែងសិល្បៈប្រពៃណីនិងសហសម័យ ពិធីបណ្តែតគោមទឹកនិងបង្ហោះគោមជាដើម និងកម្មវិធីតាំងពិព័ណ៌ផលិតផលផ្សេងៗចំនួនជិត ៣០០ស្តង់។
បន្ថែមលើសពីនោះទៀត យើងក៏ត្រៀមរៀបចំឲ្យមានទីកន្លែងសម្រាប់បាញ់ទឹក (គឺបន្ទាប់ពីពិធីស្រង់ព្រះរួចហើយ)នាពេលណាថ្ងៃមានកម្តៅខ្លាំងផងដែរ។
លោកស្រីបន្តថា កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃសម្រាប់កម្មវីធីសង្ក្រាន្តសមុទ្រ ប៉ុន្តែដោយឡែកសម្រាប់កម្មវិធី តាំងពិព័ណ៌លក់ផលិតផលនានានោះ គណៈកម្មការរៀបចំឲ្យមានរយៈពេល៥ថ្ងៃ។ យើងត្រៀមនឹងរៀបចំជាកម្មវិធីកម្សាន្តប្លែកគ្នាជាច្រើនទៅតាមថ្ងៃនីមួយៗ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីឲ្យស្របទៅតាមប្រពៃណីជាតិខ្មែរផង និងការកម្សាន្តសប្បាយសម្រាប់មហាជនទូទៅផង៕

ទំព័រដើម ›