ចិនចង់ជួយកម្ពុជា កសាងថាមពលអគ្គិសនីស្អាត ដែលដើរដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ បន្ថែមពីលើការពឹងផ្អែកតែលើថាមពលវារីអគ្គីសនី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិនចង់ជួយកម្ពុជា កសាងថាមពលអគ្គិសនីស្អាត ដែលដើរដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ បន្ថែមពីលើការពឹងផ្អែកតែលើថាមពលវារីអគ្គីសនី

22/03/2019
(ភ្នំពេញ)៖ លោក Kong Xuanyou អនុរដ្ឋមន្ដ្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងបញ្ជាក់ពីការចង់ជួយដល់កម្ពុជា ក្នុងការកសាងថាមពលអគ្គិសនីស្អាត ដែលដើរដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ បន្ថែមលើការពឹងផ្អែកតែលើថាមពលដែលបានពីវារីអគ្គិសនី។ ការបញ្ជាក់របស់អនុដ្ឋមន្ត្រីការបរទេសចិន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើរដ្ឋាភិបាលចិន ជំរុញការទិញអង្ករពីកម្ពុជាតាមចំនួនកំណត់ គឺ៤០ម៉ឺនតោន ដែលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចសម្តេច កាលពីខែមករាកន្លងទៅ ព្រមទាំងទិញកសិផលកម្ពុជា ថែមទៀតក្រៅពីចេក គឺស្វាយ ម្រេច និងតាង៉ែន ដែលសព្វថ្ងៃមានកសិករនៅខេត្តប៉ៃលិន និងបាត់ដំបងកំពុងជួបប្រឈមនឹងបញ្ហារកទីផ្សារ។

ចំពោះសភាពការណ៍នយោបាយ លោក ហោ ណាំហុង បានជម្រាបលោកអនុរដ្ឋមន្ដ្រីការបរទេសចិន ថាពុំមានការបារម្ភអ្វីទេ ដោយសារអតីតបក្សប្រឆាំងនៅក្រៅប្រទេស ហាក់លែងមានសំឡេងអ្វីទៀតហើយ ហើយកម្ពុជាបានធ្វើកំណែទម្រង់ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ រួមមានការលើកលែងទោសឱ្យអតីតសមាជិកបក្សសង្គ្រោះជាតិដែលអាចធ្វើនយោបាយឡើងវិញ និងបង្កើតគណបក្សថ្មី។
លោក Kong Xuanyou បានថ្លែងប្រាប់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា រដ្ឋាភិបាលចិន បានបង្ហាញនូវគោលបំណងពង្រីកគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅកម្ពុជា ដើម្បីផ្សាភ្ជាប់ជាមួយគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។

លោកអនុរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ភាគីចិន ក៏មានលទ្ធភាពជួយកម្ពុជា ក្នុងការកសាងថាមពលអគ្គិសនីស្អាត ដែលដើរដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ បន្ថែមពីលើការពឹងផ្អែកតែលើថាមពលវារីអគ្គីសនី។

លោកបញ្ជាក់ថា ចំពោះករណីអង្ករកម្ពុជា ភាគីចិនបានធ្វើការសិក្សារួចហើយ គឺចិនមានលទ្ធភាពបន្ថែមកូតាឱ្យកម្ពុជា ជារៀងរាល់ឆ្នាំ ហើយទៅថ្ងៃអនាគត ចិននឹងជំរុញការនាំចូលផ្ទាល់ សម្រាប់កសិផលផ្សេងទៀត ដើម្បីកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន។

សម្រាប់ករណី EBA ជំហររបស់ចិន គឺនៅជាមួយកម្ពុជា ដោយភាគីចិនកំពុងសិក្សាអំពីមធ្យោបាយ ដើម្បីជួយកម្ពុជាកាត់បន្ថយសម្ពាធពីសហគមន៍អឺរ៉ុប។ ចិនមានជំហរប្រឆាំងដាច់ខាតចំពោះ សហគមន៍អឺរ៉ុប ដែលតែងតែយកបញ្ហា EBA នេះជាឧបករណ៍នយោបាយ ហើយភាគីចិនយល់ថា អឺរ៉ុបមិនមានជំហរឯកភាពគ្នាទាំងស្រុងទេ ចំពោះករណីកម្ពុជានេះ។ ចិននឹងជំរុញឱ្យមានការចាប់ផ្តើមចរចា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី» ជាមួយនឹងកម្ពុជា៕